កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលជួបជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអ៉ឺរ៉ុបប្រចាំកម្ពុជា តាមរយៈ Video Conference ដើម្បីសិក្សាអំពីតម្រូវការរបស់កម្ពុជា និងលទ្ធភាពនៃការចូលរួមរបស់សហភាពអ៉ឺរ៉ុប ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ និងស្តារសម្បទានសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺនេះ។
នាឱកាសនោះផងដែរ លោកស្រីឯកអគ្គរដ្ឋទូតបានលើកឡើងថា សហភាពអ៉ឺរ៉ុបដែលមានទីស្នាក់ការកណ្ដាលនៅ Brussel ទើបតែបានអនុម័តអនុញ្ញាតឲ្យបង្វែរហរិញ្ញប្បទានឥតសំណងចំនួន ៥៦ លានអឺរ៉ូ (ប្រហែល ៦០ លានដុល្លារអាមេរិក) ពីកម្មវិធីកំពុងដំណើរការមួយចំនួនដោយហិរញ្ញប្បទានរបស់សហភាពអ៉ឺរ៉ុប សម្រាប់យកមកអនុវត្តលើវិស័យគាំពារសង្គម ដែលជាការងារអាទិភាព និងបន្ទាន់របស់រាជរដ្ឋាភិបាលក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញពីវិបត្តិនៃជំងឺកូវីដ ១៩នេះ។

ជាកិច្ចឆ្លើយតបឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំកន្លងមករបស់សហភាពអ៉ឺរ៉ុបជាមួយនឹងកម្ពុជា ជាពិសេសស្វាគមន៍ចំពោះការចូលរួមចំណែកនៅក្នុងគ្រាដ៏លំបាកនេះ។ ដោយក្នុងកាលៈទេសៈបច្ចុប្បន្នដែលពិភពលោកក៏ដូចជាកម្ពុជាកំពុងប្រឈម និងប្រយុទ្ធដោះស្រាយចំពោះវិបត្តិសកលដោយសារជំងឺកូវីដ១៩ នេះ៕

អត្ថបទ៖ លីនី


