តម្លៃប្រេងនៅក្នុងទីផ្សារក្រុងញូវយ៉កបានធ្លាក់ចុះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ខណៈដែលវិបត្តិវីរុស COVID-19 បានធ្វើឱ្យមានការបន្តថយចុះតម្រូវការ។ ការដួលរលំដែលមិនធ្លាប់មានពីមុននេះ វាប្រៀបដូចជាអ្នកផលិតនឹងបង់លុយឱ្យអ្នកទិញយកប្រេងចេញពីដៃរបស់ពួកគេ។ កាលពីថ្ងៃច័ន្ទ West Texas Intermediate បានព្យាករណ៍ថាការចែកចាយប្រេងក្នុងខែឧសភា នឹងធ្លាក់ចុះដល់ -៣៧ដុល្លារ ក្នុងមួយបារ៉ែល។
ការធ្លាក់ចុះជាប្រវត្តិសាស្រ្តគឺដោយសារតែ យន្តការីទីផ្សារជាមួយនឹងកិច្ចសន្យាចែកចាយនៅខែឧសភា បានជិតផុតកំណត់ស្រាប់។ កន្លែងស្តុកប្រេងក៏ស្ថិតនៅក្នុងដែនកំណត់របស់ពួកគេដែរ ព្រោះអ្នកផលិតអស់កន្លែងស្តុកទុកប្រេង។ អ្នកទីផ្សារនិយាយថា ពាណិជ្ជករបានបោះបង់កិច្ចសន្យាសម្រាប់ខែឧសភានេះ ដោយសារថ្លៃដើមក្នុងការស្តុកទុក និងដឹកជញ្ជូនប្រេងឆៅ ត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់ ទាំងដែលគ្មានអតិថិជនត្រូវការវា។ ការធ្លាក់ចុះបង្ហាញពីការព្រួយបារម្ភនាពេលបច្ចុប្បន្ន អំពីភាពប្រែប្រួលនៃទីផ្សារប្រេងលើពិភពលោក។
ប្រទេសផលិតប្រេងធំៗរួមមាន៖ អារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី បានឈានដល់កិច្ចព្រមព្រៀងកាលពីរសប្តាហ៍មុន ដើម្បីជំរុញតម្លៃដោយកាត់បន្ថយផលិតកម្មចំនួន ៩.៧ លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ក្នុងខែឧសភា និងមិថុនា។ ប៉ុន្តែវានៅតែមិនត្រូវបានគេរំពឹងថា នឹងទប់ទល់តម្រូវការថយចុះខ្លាំង ហើយអ្នកលេងទីផ្សារបានព្រមានថា អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច៕


អត្ថបទ៖ លីដា
ប្រភព៖ NHK


