នាយករដ្ឋមន្រ្តីថៃនឹងពិចារណាបន្ធូរបន្ថយបម្រាមគោចរ និងការបិទអាជីវកម្មនាចុងខែនេះ ហើយអាចនឹងចាប់ផ្ដើមបើកសេដ្ឋកិច្ចឡើងវិញនៅដើមខែឧសភា
សេដ្ឋកិច្ច April 21, 2020 Chan Sreyny

ថៃ៖ នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា នឹងសម្រេចចិត្ត​នៅចុងខែនេះ ថាតើត្រូវបន្ធូរបន្ថយការរឹតត្បិតខាងសេដ្ឋកិច្ចណាមួយ បន្ទាប់ពីបានឃើញករណីឆ្លងវីរុសកូវីដ-១៩ថ្មីធ្លាក់ចុះជាងមុន នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 (CCSA)។ អ្នកនាំ​ពាក្យរបស់ CCSA លោក Taweesilp Visanuyothin បាននិយាយថា ការសម្រេចចិត្តទាក់ទងនឹងបម្រាមគោចរ និងការបិទអាជីវកម្មនឹងអាស្រ័យលើស្ថានភាពនៅពេលខាងមុខ។

គួរម្លឹកផងដែរថា រដ្ឋាភិបាលថៃបានដាក់បម្រាមគោចរទូទាំងប្រទេសនៅចន្លោះម៉ោង ១០ យប់ដល់ម៉ោង ៤ ព្រឹក ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី៣០ ខែមេសា ខណៈដែលអាជ្ញាធរខេត្តបានបញ្ជាឱ្យអាជីវកម្មជាច្រើនប្រភេទត្រូវបិទមួយរយៈពេល ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលវីរុស Covid-19។ យ៉ាងណាមិញដោយសារចំនួនអ្នកឆ្លងបានធ្លាក់ចុះចាប់តាំងពីវិធានការត្រូវបានអនុវត្តមក ប្រជាជនជាច្រើនសង្ឃឹមថារដ្ឋាភិបាលនឹងបន្ធូរបន្ថយច្បាប់នៅចុងខែនេះ។

លោក Taweesilp បានបន្តទៀតថា ទោះបីថ្ងៃទី៣០ កាន់តែកៀកចូលមកក៏ដោយក្ដី តែអាស្រ័យលើកិច្ចសហប្រតិបត្តិការ និងការគោរពតាមសាធារណៈទើបអាចបន្ធូរបន្ថយការរឹតត្បិតបាន ព្រោះទោះបីជាចំនួននៃការឆ្លងថ្មីបានធ្លាក់ចុះក៏ដោយយើងចង់បានតួលេខដែលគួរឲ្យពេញចិត្តជាងនេះ។ ជាមួយគ្នានេះដែរឆ្លើយតបទៅនឹងរបាយការណ៍ដែលថាផ្សារទំនើបមួយចំនួនកំពុងត្រៀមបើកប្រតិបត្តិការឡើងវិញនៅថ្ងៃទី០១ ខែឧសភា លោកបណ្ឌិត Taweesilp បានទទូចថា ឧត្តមសេនីយ៍ប្រាយុទ្ធដែលជាប្រធាន CCSA នឹងវាយតម្លៃស្ថានភាពនៅសប្តាហ៍ចុងក្រោយនៃខែមេសា ហើយមជ្ឍមណ្ឌលនាយកដ្ឋានកណ្តាលបានជូនដំណឹងដល់ដៃគូអាជីវកម្ម របស់ខ្លួនឱ្យត្រៀមខ្លួនសម្រាប់ការបើកជាថ្មីនៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា CCSA កាលពីថ្ងៃអាទិត្យបានប្រកាសពីករណីឆ្លងវីរុសថ្មីចំនួន ៣២ ករណីដែលធ្វើឱ្យចំនួនកើនឡើងដល់ ២,៧៦៥ នាក់ ប៉ុន្តែគ្មានអ្នកស្លាប់ថ្មីត្រូវបានរាយការណ៍នៅថ្ងៃអាទិត្យនោះទេ។ ចំនួនអ្នកស្លាប់មានចំនួន ៤៧ នាក់ហើយមនុស្សសរុប ១,៩២៨ នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕

ប្រភ​ព៖ bangkokpost
អត្ថបទ៖ លីនី