ប្រធានាធិបតីអាមេរិក ប្រកាសផ្តល់ជំនួយចំនួន ១៩ ពាន់លានដុល្លារសម្រាប់ប្រជាកសិករក្នុងពេលមានជម្ងឺរាតត្បាត COVID-19
សេដ្ឋកិច្ច April 20, 2020 Chan Sreyny

អាមេរិក៖ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសផ្ដល់កញ្ចប់ថវិកាសង្គ្រោះចំនួន ១៩ ពាន់លានដុល្លារដើម្បីជួយឧស្សាហកម្មកសិកម្មទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបង្កឡើងដោយវិធានការណ៍ដើម្បីកម្ចាត់វីរុសកូវីដ ១៩។ លោក​ ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលនឹងអនុវត្តកម្មវិធីជំនួយដែលមានទឹកប្រាក់ ១៩ ពាន់លានដុល្លារសម្រាប់កសិករ និងអ្នកចិញ្ចឹមសត្វដ៏អស្ចារ្យរបស់យើងនៅពេលពួកគេស៊ូទ្រាំនឹងការរីករាលដាលនៃជំងឺរាតត្បាតពិភពលោកកូវីដ ១៩។

ជាមួយគ្នានេះដែរជំនួយនេះនឹងរួមបញ្ចូលការទូទាត់ដោយផ្ទាល់ដល់កសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិតដែលប្រធានាធិបតីរូបនេះ បាននិយាយថាបានឆ្លងកាត់ការខាតបង់ដែលមិនធ្លាប់មានពីមុនក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ។ ដោយឡែករដ្ឋមន្រ្តីលោក Sonny Perdue បាននិយាយថា កសិករអាមេរិកបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែតម្រូវការបានផ្លាស់ប្ដូរនៅពេលដែលសាលារៀន ភោជនីយដ្ឋាន និងហាងនានាបិទទ្វារ ហើយប្រជាជនអាមេរិកស្នាក់នៅតែផ្ទះ។ ដោយបញ្ហានេះបានបង្អាក់សង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ បង្ខំឱ្យកសិករនៅតាមកន្លែងជាច្រើនបំផ្លាញទិន្នផលរបស់ពួកគេដូចជាទឹកដោះគោ និងដំណាំដោយសារលែងមានអ្នកទិញ។

យ៉ាងណាមិញលោកបានបន្តថា ថវិកាចំនួន ៣ ពាន់លានដុល្លារក្នុងចំណោមជំនួយសង្គ្រោះនោះ នឹងត្រូវប្រើសម្រាប់ទិញផលិតផល និងទឹកដោះគោពីកសិករ ហើយចែកចាយបន្តទៅធនាគារស្បៀងអាហារក្នុងសហគមន៍។ ខណៈពេលដែលថ្មីៗនេះជនជាតិអាមេរិករាប់លាននាក់បានងាកមករកឃ្លាំងស្តុកស្បៀងរបស់សហគមន៍ដើម្បីទទួលបានអាហារ និងគ្រឿងទេសបន្ទាប់ពីពួកគេបានបាត់បង់ការងារ៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី