វៀតណាមអាចនឹងក្លាយជាអ្នកផលិតម៉ាស់ការពារដ៏ធំមួយនៅលើពិភពលោក ក្នុងពេលមានវិបត្តិកូវីដ ១៩នេះ ​
សេដ្ឋកិច្ច April 20, 2020 Chan Sreyny

វៀតណាម៖ ជំងឺរាតត្បាតដោយវីរុសកូវីដ ១៩ បានធ្វើឲ្យឧស្សាហកម្មកាត់ដេរកំពុងទទួលរងនូវវិបត្តិ​ដែល​មិនធ្លាប់មានពីមុនមក ប៉ុន្តែជំងឺរាតត្បាតនេះក៏បាននាំមកនូវឱកាសយ៉ាងសំខាន់សម្រាប់ប្រទេសវៀតណាមដើម្បីក្លាយជារោងចក្រផលិតម៉ាស់នៅលើពិភពលោក។ ដោយសាររោងចក្រដែល​ផលិតសម្លៀកបំពាក់ជាច្រើន ដែលរងគ្រោះដោយវីរុស នាពេលថ្មីៗនេះបានវិនិយោគក្នុងការផលិតម៉ាស់ដែលជាដំណោះស្រាយដើម្បីទប់ទល់នឹងពេលវេលាដ៏លំបាក និងឆ្លៀតយកឱកាសដែលកើតឡើងពីកង្វះការផ្គត់ផ្គង់។

ជាក់ស្ដែងអ្នកផលិតខ្លះបានទទួលការបញ្ជាទិញ និងនាំចេញក្នុងតម្លៃរាប់លានដុល្លារ ដែលជាសញ្ញាវិជ្ជមានសម្រាប់ឧស្សាហកម្មកាត់ដេរដែលកំពុងរងសម្ពាធយ៉ាងខ្លាំងពីជំងឺរាតត្បាត។ ហើយកាលពីពេលថ្មីៗនេះក្រុមហ៊ុនភាគហ៊ុនចំរុះសាជីវកម្ម ១០ បាននិយាយថាខ្លួនទទួលបានការបញ្ជាទិញម៉ាស់ផ្នែកវេជ្ជសាស្រ្តចំនួន ៤០០ លានម៉ាស់ដែលមានតម្លៃ ៥២ លានដុល្លារអាមេរិកព្រមជាមួយនឹងការបញ្ជាទិញម៉ាស់ក្រណាត់ចំនួន ២០ លានពីដៃគូអាមេរិក និងម៉ាស់ក្រណាត់ចំនួន ២ លាននិងម៉ាស់វេជ្ជសាស្រ្ត​ចំនួន ៦ លានពីដៃគូអាល្លឺម៉ង់។

ជាមួយ​គ្នានេះដែរក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងពាណិជ្ជកម្ម TNG ក៏បាននាំយកម៉ាស់ការពាររាប់លាន ទៅកាន់សហគមន៍អឺរ៉ុបផងដែរក្នុងរយៈពេល ១ខែកន្លងមកនេះ។ ដោយការនាំចេញម៉ាស់កាពារបានជួយដល់ការលក់របស់ក្រុមហ៊ុន TNG នៅទីផ្សារក្នុងស្រុកកើនឡើង ១០% ក្នុងត្រីមាសទី១ ឆ្នាំនេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលនាយកក្រុមហ៊ុន TNG លោក Nguyen Van Thoi បានមានប្រសាសន៍ថា នៅពេលនេះជាឱកាសធំៗ របស់ក្រុមហ៊ុនដើម្បីនាំចេញម៉ាស់ការពារ។

យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក្រុមហ៊ុនផលិតក្នុងស្រុកចំនួន ៥០ ក្រុមហ៊ុនដែលបានរាយការណ៍ទៅក្រសួង គឺ​ក្រុមហ៊ុនមួយអាចមានសមត្ថភាពផលិតសរុបចំនួន ៨ លានម៉ាស់ក្នុងមួយថ្ងៃ។ ក្រៅពីនេះមានក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុនភាគហ៊ុនវាយនភណ្ឌ Nam Dinh ឥឡូវមានសមត្ថភាពផលិតម៉ាស់ក្រណាត់ប្រឆាំងនឹងបាក់តេរី ហើយសមត្ថភាពផលិតម៉ាស់របស់វៀតណាមអាចត្រូវបានបង្កើនបន្ថែមទៀត នេះយោងតាមបញ្ជាក់បន្ថែមរបស់ក្រសួង។ ជាមួយគ្នានេះលោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនាំចូលនៃក្រសួងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមបាននិយាយថា ប្រទេសវៀតណាមមានសមត្ថភាពក្លាយជាអ្នកផលិតម៉ាស់ការពារដ៏ធំមួយនៅលើពិភពលោក៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី