ចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិន និងរីករាលដាលនៅតាមបណ្ដាប្រទេសលើពិភពលោក ដោយក្នុងនោះរួមមានកម្ពុជាផងដែរនោះ ប្រជាជនកម្ពុជាទាំងគ្រប់លំដាប់ថ្នាក់បានរួបរួមគ្នាដើម្បីបរិច្ចាគទាំងថវិកា និងសម្ភារៈប្រើប្រាស់ជាច្រើន ដើម្បីគាំទ្រដល់ការប្រឆាំងនឹងការីករាលដាលនៃជំងឺនេះ។ យ៉ាងណាមិញយោងតាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ម្សិលមិញនេះ ថវិការបស់សប្បុរសជនដែលបានចូលរួមសម្រាប់ប្រយុទ្ធជាមួយជំងឺកូវីដ-១៩ មានចំនួនទឹកប្រាក់ចំនួន ១៣,៥៩៧,២៩៥ ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារៈ បរិក្ខា ដូចជាម៉ាស អាកុល សាប៊ូ និងសម្ភារៈពេទ្យផ្សេងៗដែលមានតម្លៃរាប់លានដុល្លារថែមទៀត។
ដោយឡែកក្រៅពីបរិច្ចាគពីសហគ្រិន និងម្ចាស់ក្រុមហ៊ុននានា ការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬ មួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹមព្រឹកថ្ងៃ១៦ មេសា ២០២០នេះមានចំនួន ១៤,៧៥១ នាក់និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។ ជាមួយគ្នានេះដែរសម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកាដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺឆ្លង ដោយសម្ដេចបានសង្កត់ធ្ងន់ថា នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើងក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវដែលកំពុងរាតត្បាតនៅពាសពេញពិភពលោក រួមទាំងកម្ពុជាផងដែរ៕




