រដ្ឋាភិបាលជប៉ុនគ្រោងនឹងរៀបចំកញ្ចប់សេដ្ឋកិច្ចបន្ទាន់ចំនួន ១០៨ ទ្រីលានយ៉េន ឬប្រហែល ១ ទ្រីលានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការរីករាលដាលនៃវីរុស COVID-19 នៅក្នុងប្រទេស។ ទំហំនៃកញ្ចប់នេះស្មើនឹង ២០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ រដ្ឋាភិបាលបានបង្ហាញសេចក្តីព្រាងផែនការសេដ្ឋកិច្ចរបស់ខ្លួន ទៅដល់គណបក្សកាន់អំណាច ប្រជាធិបតេយ្យសេរី និងដៃគូចម្រុះរបស់ខ្លួនគឺបក្ស Komeito កាលពីថ្ងៃច័ន្ទ។ ផែនការនេះត្រូវបានគេរំពឹងថា នឹងត្រូវបានសម្រេចចិត្តនៅថ្ងៃអង្គារនេះបន្ទាប់ពីត្រូវបានអនុម័តដោយភាគីទាំងពីរ។
កញ្ចប់រួមបញ្ចូលទាំងការធានាឱ្យបានគ្រប់គ្រាន់នូវថ្នាំប្រឆាំងនឹងជំងឺផ្តាសាយ Avigan នៅចុងខែមីនាខាងមុខ ដើម្បីព្យាបាលមនុស្ស ២លាននាក់។ អ្វីដែលសំខាន់មានភ័ស្តុតាងខ្លះដែលថា ថ្នាំនេះអាចជួយព្យាបាល COVID-19 ទៀតផង។ កញ្ចប់នេះក៏រួមបញ្ចូលទាំងការផ្ដល់ប្រាក់ប្រហែល ២,៨០០ដុល្លារ ដល់គ្រួសារនីមួយៗដែលប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះដោយសារការរីករាលដាលនៃវីរុសនេះ ហើយអ្នកដែលត្រូវការប្រាក់នេះ ត្រូវតែដាក់ពាក្យស្នើសុំកម្មវិធីប្រគល់ប្រាក់។
រដ្ឋាភិបាលក៏គ្រោងនឹងបង្កើនប្រាក់ឧបត្ថម្ភកុមារប្រហែល ៩០ដុល្លារ/ម្នាក់ ដើម្បីឱ្យគ្រួសារពួកគេទទួលបានអត្ថប្រយោជន៍នេះ។ បន្ទាប់ពីវីរុសនេះនឹងរលត់បាត់ទៅ ពួកគេក៏គ្រោងធ្វើយុទ្ធនាការចែកចាយប័ណ្ណដើម្បីជម្រុញឧស្សាហកម្មទេសចរណ៍ និងព្រឹត្តិការណ៍នានាផងដែរ។ រដ្ឋាភិបាលគ្រោងនឹងផ្តល់នូវអត្ថប្រយោជន៍ជាសាច់ប្រាក់រហូតដល់ប្រមាណ ១៨,០០០ដុល្លារ ដល់អាជីវកម្មខ្នាតតូច និងមធ្យម និងរហូតដល់ ៩,០០០ដុល្លារ សម្រាប់អ្នកធ្វើការឯករាជ្យ នៅពេលអាជីវកម្មរបស់ពួកគេពិបាកបន្តដោយសារការលក់ធ្លាក់ចុះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK


