នៅព្រឹកថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាលផងដែរ។
សម្តេចក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានចេញបញ្ជាឲ្យផ្អាកការនាំចេញអង្ករស និងស្រូវ ទៅបរទេស តែអនុញ្ញាតឲ្យនាំចេញអង្ករក្រអូបរហូតដល់មានបទបញ្ជាជាថ្មី ដើម្បីរក្សាទុកផ្គត់ផ្គង់ក្នុងស្រុក ហើយបទបញ្ជានេះនឹងត្រូវចាប់អនុវត្តពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ តទៅ។ សម្តេចបញ្ជាក់ទៀតថា យើងផ្អាកការនាំចេញអង្ករស និងស្រូវ ដែលភាគច្រើននាំចេញទៅកាន់ប្រទេសជិតខាង គឺនាំទៅវៀតណាម និងនាំទៅថៃ ប៉ុន្តែអនុញ្ញាតឲ្យនាំចេញអង្ករក្រអូប ដោយសារអង្ករក្រអូបនេះមិនមានចំនួនច្រើនទេ ហើយក៏មិនមានតម្រូវការប្រើប្រាស់ក្នុងស្រុកច្រើនដែរ ដោយសារតែប្រជាជនយើងភាគច្រើនប្រើតែអង្ករធម្មតា ខុសពីអង្ករលេខ១ ដែលជាអង្ករក្រអូប នាំទៅកាន់ទីផ្សារអឺរ៉ុប និងនាំទៅកាន់ទីផ្សារចិន និងនាំទៅកាន់ទីផ្សារប្រទេសមួយចំនួនផ្សេងទៀត៕


អត្ថបទ៖ សេម


