វៀតណាមជួយដល់កម្ពុជា និងឡាវ ជាសំភារៈវេជ្ជសាស្ត្រ ដែលមានតម្លៃ ២០០,០០០ ដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩
សេដ្ឋកិច្ច March 27, 2020 Khmernote

ប្រទេសវៀតណាមនឹងផ្ដល់ជំនួយដល់ប្រទេសកម្ពុជា និងឡាវ នូវសំភារៈវេជ្ជសាស្រ្ត ដែលមានតម្លៃ ១០០,០០០ ដុល្លារ សម្រាប់ប្រទេសនីមួយៗ ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 ។ ដោយប្រកាសអំពីជំនួយកាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា វៀតណាមក៏មានឆន្ទៈបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រទៅប្រទេសទាំងពីរផងដែរប្រសិនបើពួកគេចង់បាន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress

លោក Nguyen Xuan Phuc បាននិយាយនៅក្នុងសុន្ទរកថាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងសមរភូមិវីរុស Covid-19 កាលពីម្សិលមិញថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

លោក Nguyen Xuan Phuc បានឱ្យតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា និងឡាវ ក្នុងការការពារការរីករាលដាលនៃវីរុស COVID-19 និងជំងឺដែលបណ្តាលពីវីរុសនេះ ហើយសង្ឃឹមថាប្រទេសទាំងពីរបន្តផ្តល់ឱកាសដល់សហគមន៍វៀតណាមរបស់ពួកគេ ក្នុងការដោះស្រាយជីវភាពរបស់ពួកគេ និងទទួលបានលក្ខខណ្ឌចាំបាច់ ដើម្បីការពារការឆ្លងមេរោគ Covid-19 ។

នាយករដ្ឋមន្រ្តីវៀតណាមបាននិយាយថា លោកក៏មានបំណងថាឡាវ និងកម្ពុជា នឹងអាចបន្តសហប្រតិបត្តិការជាមួយវៀតណាមក្នុងការថែរក្សាសន្តិសុខតាមព្រំដែនផងដែរ។ លោកបានបន្តទៀតថា ប្រទេសវៀតណាមក៏មានឆន្ទៈសហការជាមួយកម្ពុជា ក្នុងការនាំពលរដ្ឋវៀតណាម ដែលត្រូវបានគេដាក់ឱ្យនៅដាច់ពីគេនៅកម្ពុជា ឱ្យត្រឡប់ទៅប្រទេសវៀតណាមវិញប្រសិនកម្ពុជាចង់បាន៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress