ធនាគារ ជីប ម៉ុង ទទួលបានបណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថានពីប្រសួងបរិស្ថាន
PR March 6, 2020 Khmernote

ធនាគារ ជីប ម៉ុង បានទទួលបណ្ណសរសើរប្រតិបត្តិមេត្រីភាពបរិស្ថានពីប្រសួងបរិស្ថានក្រោមអធិបតីភាពរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។

ធនាគារ ជីប ម៉ុង គឺជាធនាគារពាណិជ្ជទីមួយ ដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរ តាមរយៈការកាត់បន្ថយការប្រើប្រាស់ក្រដាស ការបង្កើតប្រព័ន្ធឌីជីថលសម្រួលប្រតិបត្តិការសេវាកម្មធនាគារជូនអតិថិជន ការរៀបចំការិយាល័យប្រកបដោយផាសុកភាព និងមានអនាម័យខ្ពស់សម្រាប់បុគ្គលិក ព្រមទំាងការចូលរួមអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព។

លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា ការទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាននេះពិតជាធ្វើឲ្យលោក និងសហការី ធនាគារ ជីប ម៉ុង ទាំងអស់មានសេចក្តីរំភើប និងសប្បាយរីករាយ ដែលធនាគារនេះទទួលបានការកោតសរសើរពីក្រសួងបរិស្ថាន ហើយសមិទ្ធផលមួយនេះបានពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសហការីទាំងអស់គ្នា។ លោកឧកញ៉ា បានបន្តទៀតថា ធនាគារ ជីប ម៉ុង បានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបែបឌីជីថល តាមឧស្សាហកម្ម ៤.០ ដែលធ្វើការតាមប្រព័ន្ធអេឡិចត្រូនិច សន្សំសម្ចៃការប្រើប្រាស់ក្រដាស ដែលចូលរួមការពារបរិស្ថាន កាត់បន្ថយការកាប់ព្រៃឈើ និងកាត់បន្ថយការរំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2)៕