សមាគម អ្នកវិនិយោគកម្ពុជា អង្គការ អុកស្វាមកម្ពុជា និង ក្រុមហ៊ុន ផ្លេតហ្វម ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីជម្រុញអោយមានការរីកដុះដាលនូវសហគ្រាសសង្គម
PR February 26, 2020 Samrith Choung

ភ្នំពេញ៖ នៅថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ ២០២០ នឹងមានពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដែលធ្វើឡើងរវាង ៣ភាគីគឺ សមាគម អ្នកវិនិយោគកម្ពុជា អង្គការ អុកស្វាមកម្ពុជា និង ក្រុមហ៊ុន ផ្លេតហ្វម។

ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះនឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពលោកឡែម ចាន់សំរេច នាយកគ្រប់គ្រងនៃសមាគម អ្នកវិនិយោគកម្ពុជា លោក​ Mathieu Vergez អ្នកសម្របសម្រួលការអភិវឌ្ឍន៍អាជីវកម្ម អង្គការអុកស្វាម ប្រចាំនៅប្រទេសកម្ពុជានិងលោក ហាសាន ហាចាម (Hassan Hajam) នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្លេតហ្វម។ក្រៅពីនេះ ក៏នឹងមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនសមាជិករបស់សមាគមអ្នកវិនិយោគកម្ពុជា ក៏ដូចជាសាធារណជនដែលមានចំណាប់អារម្មណ៍ និងមានបំណងអំពីស្វែងយល់អំពី Social Enterprise ផងដែរ។

គោលបំណងសំខាន់នៃការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះ គឺដើម្បីជម្រុញអោយមានការរីកដុះដាលនូវសហគ្រាសសង្គម (Social Enterprise) នៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធី Social Enterprise Accelerator Program ។ កម្មវិធីនេះនឹងជួយពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់សហគ្រិនសង្គម (Social Entrepreneurs) ដោយផ្តល់នូវឱកាសចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសិលាផ្សេងៗ ការប្រឹក្សាយោបល់ពីអ្នកជំនាញទៅលើផែនការអាជីកម្ម ការពង្រីកបណ្តាញអាជីកម្ម ការសែ្វងរកដៃគូវិនិយោគ ក៏ដូចជាទៅលើការគ្រប់គ្រងទូទៅ។

គួររំលឹកផងដែរថា កិច្ចសហប្រតិបត្តិការនេះធ្វើឡើងដោយផ្តើមពីភាពជោគជ័យកន្លងមករបស់កម្មវិធីពន្លឿនល្បឿននៃការអភិវឌ្ឈអាជីវកម្ម BIO ដែលផ្តួចផ្តើមឡើងដោយ សមាគម អ្នកវិនិយោគកម្ពុជា កាលពីឆ្នាំ ២០១៨ ពង្រឹងសមត្ថភាពវិនិយោគិន និងជាពិសេស សហគ្រិន ក្នុងការគ្រប់គ្រង និងការវិនិយោគ ក៏ដូចជាដើម្បីឈានទៅចាប់យកទុនវិនិយោគពីវិនិយោគិនឯកជន និងស្ថាប័នវិនិយោគក្នុងស្រុក និងក្រៅស្រុក។

ដោយឡែក សមាគម អ្នកវិនិយោគកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ២០១៣ គឺជាទម្រង់នៃការវិនិយោគក្នុងស្រុកទីមួយ ដែលបាននិងកំពុងដើរចូលរួមចំនែកយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍសេដ្នកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព។ ទស្សនវិស័យចំបងរបស់សមាគម គឺប្រមូលផ្តុំអ្នកវិនិយោគក្នុងស្រុក និងបង្កើតអោយមាននូវទម្រង់វិនិយោគមួយដែលគួរអោយទុកចិត្ត សម្រាប់សហគ្រិន និងអ្នកវិនិយោគអាចចូលរួមយ៉ាងសកម្មក្នុងការបង្កើតផលប្រយោជន៍សេដ្ឋកិច្ច។

អុកហ្វាំមគឺជាសហករណ៍អន្តរជាតិនៃសាខាចំនួន ២០ ដែលប្រតិបត្តិការរួមគ្នានៅក្នុង ៩៤ ប្រទេសដែលមានកម្មវិធីអភិវឌ្ឍន៍នៅអាហ្រ្វិកមជ្ឈឹមបូព៌ាអាមេរិកឡាទីនពាសពេញទ្វីបអាស៊ីនិងនៅផ្នែកខ្លះនៃអឺរ៉ុបខាងកើត។ យើងកំពុងធ្វើការរួមគ្នាដើម្បីបញ្ចប់ភាពក្រីក្រនិងភាពអយុត្តិធម៌ក្នុងពិភពលោក។ នៅប្រទេសកម្ពុជាអង្គការអុកហ្វាំមបានគាំទ្រការអភិវឌ្ឍប្រទេសអស់រយៈពេលជិត ៤ ទសវត្សហើយហើយវានៅតែបន្តដោយមានការប្តេជ្ញាចិត្តខ្ពស់ចំពោះប្រជាជនកម្ពុជាជាពិសេសស្ត្រីនិងយុវជនក៏ដូចជាក្រុមបាត់បង់ឱកាសដទៃទៀត។ ដូច្នេះហើយ ជនពិការក្រុមអ្នកស្រឡាញ់ភេទដូចគ្នាជនជាតិដើមភាគតិចនិងក្រុមស្ត្រីដែរប្រឈមនឹងការកេងប្រវ័ញ្ច ការរំលោភបំពាន ឬ អំពើហឹង្សា និង ក្រុមងាយរងគ្រោះដោយការរើសអើង កំពុងត្រូវបានផ្តល់សិទ្ធិសេរីភាព ពីរដ្ឋាភិបាល និង អ្នកដទៃទៀតក្នុងសង្គម ដើម្បីអោយពួកគេអាចដឹងពីសិទ្ធិរបស់ពួកគេក្នុងការកសាងសង្គមរបស់ខ្លួន អោយរួចផុតពី ភាពក្រីក្រនិងភាពអយុត្តិធម៌។

ចំណែកឯ ផ្លេតហ្វម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ក្នុងគោលបំណងគាំទ្រទៅលើការកកើតអាជីវកម្មសង្គម(Social Business) តាមរយៈការផ្តល់នូវអំណាចនិងការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុទៅដល់សហគ្រាសប្រភេទនេះដែលមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ហេតុដូច្នេះហើយ កិច្ចសហប្រតិបត្តិការរវាងភាគីទាំង ៣ ត្រូវបានមើលឃើញ និងរំពឹងទុកថានឹងផ្តល់ផលជាវិជ្ជមាននិងចូលរួមចំនែកយ៉ាងសំខាន់ក្នុងអភិវឌ្ឍសេដ្ធកិច្ច និងសង្គមកម្ពុជា។