គ្រឹះស្ថានអង្គរ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសបន្ថែមចំនួនថ្ងៃជូនភ្ញៀវបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដើម្បីទប់ទល់ផលប៉ះពាល់ទេសចរដោយសារវីរុស Covid-19។ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា កាន់តែបានច្រើនថ្ងៃ ស្របពេលដែលវិស័យទេសចរណ៍នៅក្នុងតំបន់ និងប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់ ក្នុងអំឡុងពេលនៃការផ្ទុះជំងឺ ខូវិដ-១៩ (COVID-19) ដោយសារតែភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍បានផ្អាក ឬលុបចោលការធ្វើដំណើរទេសចរណ៍របស់ខ្លួន ពិសេសជនជាតិចិន។ ដូច្នេះហើយ រាជរដ្ឋាភិបាលបានសម្រេចពន្យាររយៈពេលចូលទស្សនាតំបន់អង្គរសម្រាប់ភ្ញៀវទេសចរបរទេសតាមប្រភេទសំបុត្រ ដូចខាងក្រោម៖
១- សំបុត្រសម្រាប់រយៈពេល ១ថ្ងៃ អាចចូលទស្សនាបានរយៈពេល ២ថ្ងៃ។
២- សំបុត្រសម្រាប់រយៈពេល ៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល ៥ថ្ងៃ។
៣- សម្រាប់រយៈពេល ៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល ១០ថ្ងៃ។
ការសម្រេចខាងលើនេះមានសុពលភាពអនុវត្ត រយៈពេល៤ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយនេះជាការអនុវត្តវិធានការសម្រួលផលប៉ះពាល់មកលើវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប៕




