អស្ចារ្យ ក្រុងសៀមរាបមានកន្រ្តកវិលយក្សសម្រាប់មើលទេសភាពកម្សាន្តមួយដ៏ល្អដាច់គេ
សេដ្ឋកិច្ច February 25, 2020 Khmernote

ខេត្តសៀមរាប ៖ កន្រ្តកវិលដ៏ទាក់ទាញមួយ ដែលមានកម្ពស់៨៥ម៉ែត្រ ខ្ពស់ជាងគេលំដាប់ទី៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសិង្ហបូរី និងវៀតណាម បានបង្ហាញខ្លួន ទទួលភ្ញៀវទេសចរណ៍ នៅខេត្តសៀមរាប ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន ៧,២លានដុល្លារ របស់ក្រុមហ៊ុនកន្ត្រកវិល អង្គរអាយ ដែលមានទីតាំងនៅជាប់ភូមិវប្បធម៌។ បន្ទាប់ពីបានចំណាយពេលប្រាំបីខែ ដើម្បីសាងសង់ នូវគម្រោងមួយនេះឡើង កន្រ្តកវិលអង្គរអាយ នឹងក្លាយជានិមិត្តរូប មួយដ៏ទាក់ទាញដែលអាចស្រូបយកភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករអោយ អោយមកទស្សនា ប្រាង្គប្រាសាទអង្គរពីលើអាកាស នៃក្រុងសៀមរាប។

កន្រ្ទកវិលអង្គរអាយ គឺចូលរួមសហការជាដៃគូរវិនិយោគ រវាងសហគ្រិនជនជាតិខ្មែរ គឺលោក ម៉េង ហៀង និងសហគ្រិនជប៉ុននៃក្រុមហ៊ុន CQ Amenic Co. ដែលមានបទពិសោធន៍ក្នុងការសាងសង់និងគ្រប់គ្រងសួនកម្សាន្ត ក្នុងប្រទេសជប៉ុន និងអាស៊ី។

លោក Take Shinomiya នាយកប្រតិបត្តិនៃក្រុមហ៊ុន CQ Arenic Co. បានមានប្រសាសន៍ក្នុងពិធីសម្ពោធនោះថា ឥឡូវនេះគោលដៅ របស់ខ្ញុំ គឺធ្វើការអភិវឌ្ឍន៍អាជីវកម្ម សួនកម្សាន្តនៅអាស៊ី ដើម្បីផ្តល់ភាពរីករាយដល់កុមារ។ ហេតុដូច្នេះ ខ្ញុំបានទៅកាន់ ប្រទេសអាស៊ី ជាច្រើន ដើម្បីស្វែងរកទីតាំងដ៏សមស្រប។ ជាការកត់សំគាល់ ខ្ញុំរកឃើញថា នៅកម្ពុជាពុំទាន់មាន សេវាកម្សាន្តគ្រប់គ្រាន់ សម្រាប់កុមារ និង មនុស្សវ័យក្មេងនៅឡើយទេ។ ដូច្នេះ ខ្ញុំបានចាប់ផ្តើមគិតអំពីការ ផ្តល់សេវា សួនកម្សាន្តនៅកម្ពុជា ដែលអាជីវកម្ម ទេសចរណ៍គឺជាឧស្សាហកម្មដ៏សំខាន់មួយ។

លោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុនអង្គរអាយក៏បានថ្លែងចែករំលែកដែរថា “យើងខ្ញុំមានមោទនភាព យ៉ាងខ្លាំងដែលបាននាំមកការចាប់ផ្តើមនូវភាពទាក់ទាញថ្មីប្លែកមួយនេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប។ យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា កន្ត្រកវិលអង្គរអាយនឹងក្លាយជានិមត្តរូបមួយដើម្បី លើកស្ទួយភាពទាក់ទាញ ជាប្រវត្តិសាស្ត្រផ្សេងៗក្នុងខេត្តសៀមរាប។

កន្ត្រកវិលអង្គរអាយ ដែលមានកម្ពស់៨៥ម៉ែត្រ ដែលអាចគយគន់ទេសភាពដ៏ស្រស់ត្រកាល នៅជុំវិញក្រុងសៀមរាបពីលើអាកាស មាន៤៨កន្រ្តក ដែលអាចផ្ទុកភ្ញៀវទេសចរណ៍បាន១៩២ នាក់ក្នុងពេលតែមួយ។ ភ្ញៀវទេសចរណ៍ម្នាក់នឹងត្រូវប្រើថេរៈវេលា ១៨ នាទី សម្រាប់ការជិះមួយជុំ។ ក្រុមហ៊ុនអង្គរអាយ ត្រូវបានចុះបញ្ជីក្នុងឆ្នាំ២០១៩ ដើម្បីអភិវឌ្ឍន៍កន្រ្តវិលដ៏ទាក់ទាញមួយនេះដែលមានកម្ពស់៨៥ម៉ែត្រ ខ្ពស់ជាងគេលំដាប់ទី៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសិង្ហបូរី និងវៀតណាម។

សូមបញ្ជាក់ថា ចាប់តាំងពីក្រុមហ៊ុន បានបង្កើតឡើងក្នុងឆ្នាំ១៩៩០មក ក្រុមហ៊ុនបានសាងសង់និង បន្តគ្រប់គ្រងសួនកម្សាន្តចំនួន៨កន្លែង នៅប្រទេសជប៉ុន តៃវ៉ាន់ និងភ្នំពេញ។ ក្រុមហ៊ុនបានអនុវត្តយ៉ាងជោគជ័យលើគម្រោងជាច្រើនក្នុង Sendai, Shizuoka, Nagoya, Osaka, Takamatsu និង Hiroshima ក្នុងប្រទេសជប៉ុន៕