ឃើញភ្លៀងស្ទះលូលិចផ្លូវ ជប៉ុនឧបត្ថម្ភរថយន្តបំពាក់ដោយម៉ាស៊ីនបូមទឹកចំនួន២គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបូមទឹកជន់លិចនៅតំបន់នានា
សេដ្ឋកិច្ច February 15, 2020 Chan Sreyny

ដោយយល់ឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជនដែលជួបប្រទះបញ្ហាប្រឈមជាច្រើនជាពិសេសបញ្ហាចរាចរណ៍ លិចផ្លូវ និងស្ទះលូជាដើមនោះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលថ្ងៃទី១៤ ខែកុម្ភៈបានប្រគល់រថយន្តបំពាក់ដោយម៉ាស៊ីនបូមទឹកចំនួន២គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបូមទឹកជន់លិចនៅតំបន់នានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយនេះក៏ជាជំនួយក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានី ភ្នំពេញជំហានទី៤ផងដែរ ដែលជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។

យោងតាម​ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាធានីភ្នំពេញបានឲ្យដឹងថាភ្នំពេញ លោកសាំ ពិសិដ្ឋ បានឲ្យដឹងថារថយន្តដែលបំពាក់ម៉ាស៊ីនបូមទឹកចំនួនពីរគ្រឿងនេះស្ថិតក្នុងគម្រោងជំនួយ ការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធលូនៅក្នុងរាជធានីភ្នំពេញជំហានទី៤ ក្រោមគ្រប់ខ័ណ្ឌ ហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។ លោកបន្តថា នេះគឺជាការផ្គត់ផ្គង់គ្រឿងចក្រជាលើកទី២ បន្ទាប់ពីផ្គត់ផ្គង់រថយន្តបូមទឹកសម្អាតបណ្ដាញលូចំនួន៤គ្រឿង និងរថយន្តបាញ់ លាងសម្អាតចំនួន៤ គ្រឿងស្ថិតក្នុងគម្រោងការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញជំហានទី៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនកាលពីខែកញ្ញា ឆ្នាំ២០១៥។

ជមួយគ្នានេះលោក យូអ៊ីជី ស៊ូហ្កាណូ បានមានប្រសាសន៍ឱ្យដឹងថា គម្រោងការពារទឹកជំនន់ និង កែលម្អប្រព័ន្ធប្រឡាយក្នុងរាជនីភ្នំពេញជំហានទី៤ បានចាប់ផ្តើមឡើងកាលពីខែធ្នូ ឆ្នាំ២០១៨ ហើយគ្រោងនេះនឹងបញ្ចប់នៅក្នុងខែ១០ ឆ្នាំ២០២១។ លោកបានបញ្ជាក់ផងដែរថា ទោះបីជាយើងបានខិតខំបំពេញការងារជុំវិញការរំដោះ ទឹកជំនន់ចេញពីរាជធានីភ្នំពេញយ៉ាងណាក្តី ប៉ុន្តែការកើតឡើងនូវការលិចលង់ដោយទឹក ជំនន់នេះនៅតែកើតមាន ដែលតម្រូវឱ្យក្រុមការងារ jica នៅកាន់បង្កការអនុវត្តគម្រោងរបស់ ខ្លួនដើម្បីធ្វើយ៉ាងណារំដោះទឹកចេញពីរាជធានីភ្នំពេញ។ ក្រៅពីការងារនេះ jica ក៏បានផ្ដល់ នូវការបណ្ដុះបណ្ដាលពីមន្ត្រីបច្ចេកទេសដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញផងដែរ។ លោកបញ្ជាក់ថា ចំពោះរថយន្ត ២គ្រឿង ដែលប្រគល់ជូននេះ មានកម្លាំងខ្លាំង រហ័សលឿនដែល អាចបូមទឹករំដោះការលិចលង់ នៅក្នុងរាជធានីភ្នំពេញនិងអាចប្រើប្រាស់ បានយូរអង្វែងផងដែរ។

ជាមួយគ្នានេះដែរឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា រថយន្តដែលបំពាក់ ម៉ាស៊ីនបូមទឹកដែលទទួលពីជប៉ុននៅពេលនេះគឺ ក្នុងមួយគ្រឿងមានសមត្ថភាពបូមទឹកបាន ៣០ម៉ែត្រគុបក្នុង១នាទី និងទុយោបង្ហៀរប្រវែង ៣០០ម៉ែត្រ សម្រាប់ចល័តបូមទឹកភ្លៀង ដែលជន់លិច ហើយបង្ហូរចូលប្រឡាយបឹងដែលនៅជិត ដើម្បីបង្ការកុំឱ្យមានការខូចខាតដល់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងរថយន្តមួយគ្រឿងបំពាក់ម៉ាស៊ីនភ្លើង និងគ្រឿងម៉ាស៊ីនបូមទឹក ចំនួន៦គ្រឿង និងទុយោបង្ហៀរ៥០ម៉ែត្រសម្រាប់ម៉ាស៊ីនបូមទឹកនីមួយៗ។ សម្រាប់ ប្រតិបត្តិការម៉ាស៊ីនបូមទឹក គឺអាចបូមស្របគ្នាឬ ដោយឡែកពីគ្នាទាំង៦គ្រឿង ដែលមាន ទុយោ បង្ហៀរចំនួន៦ ខ្សែឬក៏អាចបូមបន្តគ្នាចំនួនពីរគ្រឿង ដែលមាន ទុយោបបង្ហៀរចំនួន៣ គ្រឿងសម្រាប់ទីតាំងបង្ហូរចេញនៅឆ្ងាយឬកន្លែងបូមមានជម្រៅជ្រៅ៕

ប្រភព៖ ក្រសួងព័ត៌មាន