ក្នុងខែមេសា ឆ្នាំ២០២៤ នេះ រដ្ឋអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២២គម្រោង មានទុនសរុបជាង ៣០៩លានដុល្លារ ក្នុងនោះខេត្តសំណាង ២ទទួលបានគម្រោងច្រើនជាងគេ
សេដ្ឋកិច្ច May 7, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៧ ខែឧសភាព ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣០៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគទាំង ២២ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស​មានចំនួន ១៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។

បើតាមរបាយគម្រោងវិនិយោគនៅតាមបណ្ដារាជធានី-ខេត្ត ឃើញថា ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងច្រើនជាងគេរហូតទៅដល់ ៧គម្រោង បន្ទាប់មកខេត្តស្វាយរៀងទទួលបាន ៦គម្រោង ខេត្តកណ្ដាល ៣គម្រោង ទីក្រុងភ្នំពេញ ៣គម្រោង ខេត្តព្រះសីហនុ ២គម្រោង និងបន្ទាយមានជ័យ ១គម្រោង។ គួរគូសរំលេចផងដែរថា ក្នុងខែមេសា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែករហូតទៅដល់ប្រមាណ ៩៨% នៃទុនវិនិយោគ៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា