ក្រុមហ៊ុនជប៉ុនចំនួន៣ នឹងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា
សេដ្ឋកិច្ច February 12, 2020 Khmernote

ក្រុមហ៊ុនជប៉ុនចំនួន៣ នឹងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ជម្រាបទៅកាន់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបពិភាក្សាការងារ នៅក្នុងនៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ ជប៉ុនកំពុងតែយកចិត្តទុកដាក់ ទៅលើបញ្ហាសំរាមនៅកម្ពុជាហើយជប៉ុនក៏មានក្រុមហ៊ុនចំនួន៣ដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ដោយ ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ក៏បានជម្រាបជូនសម្ដេចតេជោដែលថាក្រុមហ៊ុនទាំងនេះនឹងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា។

ពាក់ព័ន្ធនឹងការប្រមូលសំរាម សម្ដេចតេជោបានមានប្រសាសន៍ថា នៅពេលនេះរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចកំពុងតែដាក់ការប្រមូលសំរាមនេះស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រការ៉េ ទៅ ៦០០គីឡូម៉ែត្រការ៉េ ហើយនៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ការប្រមូលសំរាមនេះ។

សូមរំលឹកថាកាលពីខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ឲ្យដេញថ្លៃជាថ្មីដោយសារតែក្រុមហ៊ុនតែមួយមិនអាចប្រមូលសំរាមនៅក្នុងក្រុងភ្នំពេញមានប្រសិទ្ធភាពឡើយ ដោយត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ ប្រតិបត្តិការក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញ៕