ធនាគារABA និងធនាគារឯកទេស វីង ប្រារព្ធពីធីដាក់ឲ្យដំណើរការសេវាផ្ទេរនិងដាក់ប្រាក់
PR January 28, 2020 Samrith Choung

ភ្នំពេញ ថ្ងៃទី 28 ខែមករា ឆ្នាំ2020៖ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងធនាគារABA ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅកម្ពុជា បានចាប់ដៃគូជាមួយគ្នាជាផ្លូវការដើម្បីផ្តល់ជូននូវការផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួលនិងមានសុវត្ថិភាពមួយនៅក្នុងប្រទេសកម្ពុជា។

តាមរយៈភាពជាដៃគូនេះអតិថិជនរបស់ធនាគារឯកទេស វីង និងអតិថិជនធនាគារABAនឹងអាចផ្ទេរប្រាក់ ពីគណនី វីង ទៅគណនីABAទៅវិញទៅមកបាន។ ការផ្ទេរប្រាក់ទៅវិញទៅមកនេះអាចធ្វើទៅបានដោយគ្រាន់តែប្រើម្រាមដៃរបស់អ្នកចុចពីរឬបីដងនៅលើកម្មវិធី ABAMobileនិងកម្មវិធីស្មាតហ្វូន វីងតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត ភាពជាដៃគូនេះអនុញ្ញាតឱ្យអតិថិជនធនាគារ ABAអាចបង់សងប្រាក់កម្ចីរបស់ពួកគាត់នៅតាមភ្នាក់ងារវីង ដែលនៅជិតបំផុតដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់សាខាធនាគារ ABAណាមួយក៏បាន។ ដំណើរការនៃការបង់សងប្រាក់កម្ចីនេះ កាន់តែចំណាយពេលវេលាតិចនិងមានភាពងាយស្រួល ដោយអតិថិជនអាចដាក់ប្រាក់ចូលគណនីABAរបស់ខ្លួនដោយផ្ទាល់តាមរយៈភ្នាក់ងារវីង ដែលមានជាង7,300 កន្លែងនៅទូទាំងប្រទេស ឬអាចផ្ទេរប្រាក់ពីគណនី វីង ទៅគណនីABA នៅក្នុងកម្មវិធីស្មាតហ្វូនវីង នៅផ្នែកទូទាត់វិក្ក័យបត្រ ឬប្រើ USSD កូដ *989#ក៏បាន។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖“យើងតាំងចិត្តធ្វើឲ្យប្រាកដថាប្រជាជនកម្ពុជានឹងទទួលបានភាពងាយស្រួល និងមានសុវត្ថិភាព នៅពេលដែលប្រើសេវាកម្មហិរញ្ញវត្ថុចល័តមួយនេះ។ យើងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលភាពជាដៃគូនេះ អាចឲ្យយើងបម្រើតម្រូវការផ្ទេរប្រាក់និងដាក់ប្រាក់ដ៏សម្បូរបែបជូនដល់អតិថិជនរបស់យើងនៅទូទាំងប្រទេសកម្ពុជា និងជួយសន្សំសំចៃពេលវេលាក្នុងការធ្វើដំណើរទៅកាន់សាខារបស់ធានាគារ។ លើសពីនេះទៀត នេះជាឧទាហរណ៍ថ្មីមួយទៀត ដែលបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់របស់យើងក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុនិងសេវាកម្មធានាគារផ្លូវការមួយដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីដ៏ធំរបស់យើង និងបានជម្រុញឌីជីថល យេនឌ័រព្រមទាំងការដាក់បញ្ចូលហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។”

លោកAskhat Azhikhanovនាយកប្រតិបត្តិរបស់ធនាគារABAមានប្រសាសន៍ថា៖“យើងមានភាពរីករាយសូមប្រកាសជាផ្លូវការនូវភាពជាដៃគូរបស់យើងជាមួយធនាគារWingលើសេវាផ្ទេរប្រាក់និងទូទាត់សងកម្ចី។អតិថិជនរបស់យើងឥឡូវនេះអាចដាក់ប្រាក់ចូលគណនីABAរបស់ពួកគេបានកាន់តែងាយស្រួលព្រមទាំងអាចផ្ទេរប្រាក់ទៅវិញទៅមករវាងកម្មវិធីWing និងកម្មវិធីABA Mobileជាមួយតម្លៃសមរម្យហើយអាចប្រើប្រាស់សម្រាប់ការទិញទំនិញឬផ្ទេរប្រាក់ជូនបងប្អូនសាច់ញាតិរបស់ពួកគេបានថែមទៀតផង”។“សេវាហិរញ្ញវត្ថុឌីជីថលដ៏ទំនើបរបស់ធនាគារABA មានសក្តានុពលនាំមកនូវវឌ្ឍនភាពដ៏ធំទូលាយហើយខ្ញុំជឿជាក់ថាកិច្ចសហការរបស់យើងជាមួយធនាគារWingដែលយើងប្រកាសនាថ្ងៃនេះនឹងជួយជំរុញកម្ពុជាយើងឆ្ពោះទៅរកសង្គមទំនើបទូទាត់បែបឌីជីថល។”

ធនាគារឯកទេសវីង និងធនាគារ ABA ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ធនាគារឯកទេសវីង តែងតែខិតខំប្រឹងប្រែងក្នុងការពាំនាំផលិតផល ប្រកបដោយភាពច្នៃប្រឌិតក្នុងការជម្រុញការដាក់បញ្ចូលហិរញ្ញវត្ថុក្នុងប្រទេស ដោយរួមបញ្ចូលទាំងអ្នកមានគណនីធនាគាររនិងមិនស្ថិតក្នុងបណ្តាញធនាគារ។ ស្របពេលនេះដែរ ធនាគារ ABAត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិនិងអន្តរជាតិ ជាធនាគារដែលឈានមុខគេនៅកម្ពុជា តាមរយៈការផ្លាស់ប្តូរផ្នែកឌីជីថលដោយផ្តោតសំខាន់លើបច្ចេកវិទ្យានិងធនាគារចល័តប្រកបដោយភាពងាយស្រួល។

សម្រាប់ព័ត៌មានបន្ថែមស្តីពីសេវាកម្មដែលផ្តល់ដោយវីងនិងABA សូមទាក់ទងមកសេវាអតិថិជនរបស់ វីងតាមរយៈលេខទូរស័ព្ទ៖ 855 23 999 989ឬសេវាអតិថិជនរបស់ABA ទូរស័ព្ទលេខ 023 225 333។

អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ 2009 វីង បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើនិងទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួល។

ធនាគារឯកទេស វីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់100% តាមរយៈបណ្ដាញភ្នាក់ងារ វីងជាង 7300កន្លែង នៅទូទាំងប្រទេស ។ វីង បានចាប់ដៃគូជាមួយពាណិជ្ជករជាង 4 ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជា៖ ម៉ាស្ទ័រកាត វីសា MoneyGram Alipay WeChat Payនិង Western Unionជាដើម។

វីង ក៏ផ្តល់នូវដំណោះស្រាយទូទាត់ការចំណាយ និងថវិកាផ្សេងៗដល់ក្រុមហ៊ុនសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយនឹងវីង សហគ្រាសធុន តូចនិងមធ្យម និងក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយដល់ការលូតលាស់និងការរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ការចំណាយ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖www.wingmoney.com

អំពីធនាគារ ABA

ធនាគារABA(www.ababank.com) គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1996 មានឈ្មោះថា ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់។ធនាគារ ABAជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំងបីនៅក្នុងប្រទេស មានបម្រើសេវាជូនដល់បណ្ដាអតិថិជនជាច្រើន ដូចជា សហគ្រាសធុនតូចនិងមធ្យមអាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល។

គិតមកដល់ត្រឹមថ្ងៃទី31ខែធ្នូ ឆ្នាំ2019ធនាគារ ABAមានទ្រព្យសកម្មសរុបចំនួន 4.42 ប៊ីលានដុល្លារអាមេរិក និងបម្រើអតិថិជនជាង 730,000តាមរយៈសាខាកំពុងបន្តពង្រីកបាន 77, កន្លែងស្វ័យសេវាជាង 550,និងសេវាធនាគារអនឡាញ និងតាមទូរស័ព្ទដៃដ៏ទំនើបឈានមុខ។

ភាគហ៊ុនិកធំរបស់ធនាគារABA គឺធនាគារជាតិកាណាដា (www.nbc.ca) ដែលជាធនាគារធំជាងគេលំដាប់ទី6 ក្នុងប្រទេសកាណាដា និងនាំមុខគេនៅកេប៊ិច ជាទីដែលខ្លួនក្លាយជាជម្រើសនៃបណ្ដាសហគ្រាសធុនតុច និងមធ្យមនានា។

ជំហាននាំមុខគេរបស់ធនាគារនៅក្នុងវិស័យធនាគារឌីជីថល និងតាមទូរស័ព្ទដៃ ជាមួយកំណើនដ៏រឹងមាំទូទាំងប្រតិបត្តិការធុរកិច្ចទាំងមូលរបស់ខ្លួន ធ្វើឲ្យចំណាត់ថ្នាក់ឥណទានរបស់ ABA ត្រូវបានដំឡើងដោយភ្នាក់ងារវាយតម្លៃ S&P Global Ratingsពី ‘B’ដល់ ‘B+’ជាមួយទស្សវិស័យ “ស្ថិរភាព” នៅក្នុងខែធ្នូ ឆ្នាំ2019។ ចំណាត់ថ្នាក់ឥណទាននេះត្រូវបានផ្តល់ឲ្យធនាគារ ABA ដំបូងក្នុងឆ្នាំ 2017។

ទំនាក់ទំនងសម្រាប់សារព័ត៌មាន៖

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

លោក ចន​​ សុរដ្ឋា
ប្រធានគ្រប់គ្រងផ្នែទំនាក់ទំនងសាធារណៈ
ទូរស័ព្ទ៖ 012 726 117
អ៊ីម៉ែល៖soratha.chan@wingmoney.com

ធនាគារ ABA

កញ្ញា ចាន់ ជីវ៉ា
អ្នកគ្រប់គ្រងទំនាក់ទំនងសារធារណៈ
ទូរស័ព្ទ៖ 098630 281| 098 203 534
អ៊ីម៉ែល៖ chan.chiva@ababank.com