ធនាគារ ABA និងគណៈកម្មការមូលបត្រកម្ពុជា បើកឲ្យមានមធ្យោបាយទូទាត់អនឡាញសម្រាប់វិនិយោគិន
PR January 23, 2020 Samrith Choung

ធនាគារ ABA ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅកម្ពុជា នៅថ្ងៃទី21 ខែមករា ឆ្នាំ2020 ប្រកាសពីការចុះកិច្ចព្រមព្រៀងជាមួយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ដើម្បីផ្ដល់មធ្យោបាយទូទាត់ដ៏ងាយស្រួល និងដោយឥតគិតថ្លៃ សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនអនតាមឡាញ។

កិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិកត្រូនិកសម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ ត្រូវបានចុះហត្ថលេខារវាងឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក គ.ម.ក និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ដោយមានការចូលរួមពីក្រុមការងារនៃស្ថាប័នទាំងពីរ។ ផ្អែកលើកិច្ចព្រមព្រៀង និងការភ្ជាប់ប្រព័ន្ធទូទាត់ប្រកបដោយភាពជោគជ័យ វិនិយោគិនដែលមានបំណងចាប់ផ្ដើមការវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជា នឹងអាចបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញជាប្រាក់រៀល ដោយប្រើប្រាស់ ABA PAY ដែលជាមុខងារទូទាត់បែបឌីជីថលរបស់ធនាគារ ABA ឬអាចទូទាត់តាមកាត Visa, Mastercard ឬ កាត UnionPay របស់ពួកគេ។ វិនិយោគិនអាចធ្វើការទូទាត់បានដោយសុវត្ថិភាព និងគ្រប់ពេលវេលានៅលើគេហទំព័ររបស់ គ.ម.ក website www.secc.gov.kh ។

ក្នុងពិធីចុះហត្ថលេខានោះ នាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov បានមានប្រសាសន៍ថា៖ “ យើងមានសេចក្ដីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយ គ.ម.ក ដើម្បីផ្ដល់ដំណោះស្រាយឌីជីថលរបស់យើងសម្រាប់សេវាទូទាត់អនឡាញ ដល់វិនិយោគិនជារូបវន្តបុគ្គល និងជាក្រុមហ៊ុន។ ដោយទីផ្សារមូលបត្រនៅកម្ពុជាកំពុងមានការរីកចម្រើនទៅមុខ យើងជឿជាក់ថានឹងមានវិនិយោគិនកាន់តែច្រើនឡើងៗ សម្រេចចិត្តចូលមកវិនិយោគ។ ហើយវាជារឿងចាំបាច់ណាស់ដែលយើងត្រូវផ្ដល់ធម្យោបាយទូទាត់ដ៏ងាយស្រួល និងអាចទុកចិត្តបានសម្រាប់ពួកគាត់។ ដំណោះស្រាយដែលយើងដាក់ឲ្យប្រើប្រាស់នៅលើគេហទំព័ររបស់គ.ម.ក នឹងឆ្លើយតបពេញលេញទៅតាមតម្រូវការរបស់វិនិយោគិន ដោយផ្ដល់ជូននូវជម្រើសទូទាត់ជាច្រើន ជាមួយការគាំទ្ររូបិយប័ណ្ណជាតិ គឺប្រាក់រៀល”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ធនាគារ​ ABA ត្រូវបានទទួលស្គាល់ថាជាធនាគារឈានមុខគេ ដោយសារយុទ្ធសាស្ត្ររបស់ខ្លួនដែលផ្ដោតលើបច្ចេកវិទ្យា និងការអភិវឌ្ឍផលិតផលដ៏ទំនើបសម្រាប់អតិថិជនជាអាទិភាព។ សមិទ្ធផលរបស់ធនាគារនៅក្នុងវឌ្ឍនភាពធុរកិច្ចឌីជីថល ត្រូវបានសាទរដោយទស្សនាវដ្ដីហិរញ្ញវត្ថុ Asiamoney ដែលផ្ដល់ពាន “ធនាគារឌីជីថលឆ្នើមជាងគេនៅកម្ពុជា ក្នុងឆ្នាំ2019” ដល់ធនាគារ ABA។
ជំហាននាំមុខគេលើសេវាធនាគារតាមទូរស័ព្ទដៃ និងឌីជីថល រួមជាមួយកំណើនដ៏រឹងមាំលើគ្រប់ផលិតផលរបស់ខ្លួន ធ្វើឲ្យធនាគារទទួលបានការដំឡើងចំណាត់ថ្នាក់ឥណទានពី ‘B’ ដល់ ‘B+’ កាលពីខែធ្នូ ឆ្នាំ2019កន្លងទៅនេះ ពី S&P Global Ratings។

អំពីធនាគារ ABA :
ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1996 ដោយមានឈ្មោះថា ធនាគារវឌ្ឍនៈ អាស៊ីចំកាត់។ ABA ឥឡូវនេះ គឺជាធនាគារមួយក្នុងចំណោមធនាគារធំជាងគេទាំង3 នៅក្នុងប្រទេស ដែលមានផ្គត់ផ្គង់សេវាពេញលេញដល់បណ្ដាអតិថិជនផ្នែក សហគ្រាសខ្នាតតូច និងមធ្យម, អាជីវកម្មខ្នាតតូច, និងរូបវន្តបុគ្គល។

គិតមកដល់ត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ធនាគារ ABA មានទ្រព្យសកម្មសរុបចំនួន 4.35 ប៊ីលានដុល្លារអាមេរិក និងបម្រើអតិថិជនជាង 730,000 តាមរយៈសាខាកំពុងបន្តពង្រីកបាន 77, កន្លែងស្វ័យសេវាជាង 550, និងសេវាធនាគារអនឡាញ និងតាមទូរស័ព្ទដៃដ៏ទំនើបឈានមុខ។ ភាគហ៊ុនិកដ៏ធំរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា (www.nbc.ca) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំលំដាប់ទី6 នៅប្រទេសកាណាដា និងជាធនាគារឈានមុខគេនៅទីក្រុងកេប៊ិច ជាទីដែលខ្លួនក្លាយជាជម្រើសដៃគូសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។