Starbucks, Coffee Bean & Tea Leaf ព្យាយាមតស៊ូក្នុងទីផ្សាររៀតណាមយ៉ាងណា ក៏នៅតែមិនអាចឈ្នះកាហ្វេក្នុងស្រុកបាន
សេដ្ឋកិច្ច January 16, 2020 Khmernote

នៅប្រទេសវៀតណាមហាងកាហ្វេធំៗចំនួន ៥ មានចំណែកទីផ្សារ ១៥.៣% ដែលក្នុងនោះ Highlands Coffee កាន់កាប់រហូតដល់ទៅ ៧.២% ខណៈ Starbucks មានតិចជាង ៣% ដែលនេះវាបង្ហាញថា ម៉ាកបរទេសកំពុងចាញ់ម៉ាកក្នុងស្រុក។ យោងតាមសារព័ត៌មាន CNBC បានឱ្យដឹងថា ប្រទេសវៀតណាម គឺជាប្រទេសនាំចេញកាហ្វេធំជាងគេបំផុតទី២ នៅលើពិភពលោកនេះ ហើយដូចគ្នាទីផ្សារក្នុងប្រទេសវៀតណាម គឺជាសមរភូមិដ៏កាចសាហាវមួយសម្រាប់ខ្សែសង្វាក់កាហ្វេ។

ជាក់ស្ដែងដូចជា Gloria Jeans យីហោកាហ្វេមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ដែលមានហាងកាហ្វេប្រហែល ៧៦០ នៅក្នុងប្រទេសជាង ៦៥ ក៏បានលាចេញពីប្រទេសវៀតណាមរួចហើយដែរ បន្ទាប់ពីព្យាយាមអស់រយៈពេល ១០ឆ្នាំ ដើម្បីដណ្តើមទីផ្សារតែមិនឈ្នះ។ Coffee Bar និង Caffe Bene ក៏បានបើកហាងនៅវៀតណាមតិចជាងការរំពឹងទុកផងដែរ។ The Kafe កាហ្វេដែលល្បីនៅប្រទេសវៀតណាមកាលពីប៉ុន្មានឆ្នាំមុន ក៏ទទួលស្គាល់ថាចាញ់ដែរ បន្ទាប់ពីរយៈពេល ៣ឆ្នាំ ទោះបីជាមានការវិនិយោគ ៥លានដុល្លារ ពីក្រុមហ៊ុនវិនិយោគកាស៊ី (ហុងកុង) ក៏ដោយ។

Starbucks បានចូលប្រទេសវៀតណាមក្នុងឆ្នាំ២០១៣ និងមានតែហាងមួយ សម្រាប់ប្រជាជន ១.៧លាននាក់ នៅវៀតណាម ដែលវាទាបជាងបណ្តាប្រទេសអាស៊ានដទៃទៀតដូចជា៖ ម៉ាឡេស៊ី ថៃ ឬកម្ពុជា ជាដើម។ មូលហេតុដែលកាហ្វេបរទេសចាញ់កាហ្វេក្នុងស្រុក ព្រោះតែអ្នកផឹកកាហ្វេនៅវៀតណាមគេមិនចូលចិត្តកាហ្វេមានរសជាតិស្ដើងនោះទេ។ ជាក់ស្ដែងដូច Starbucks គេប្រើគ្រាប់កាហ្វេអារ៉ាប៊ីកា ដែលជាប្រភេទកាហ្វេគុណភាពខ្ពស់ប៉ុន្តែស្រាល ខណៈកាហ្វេក្នុងស្រុកគេប្រើតែគ្រាប់រ៉ូបឺស្តា ដែលមានជាតិកាហ្វេអ៊ីនខ្ពស់ ហើយរសជាតិក៏ចាស់ទៅតាមហ្នឹង។

មួយវិញទៀតក៏ព្រោះតែកាហ្វេក្នុងស្រុកផ្ដល់ឱ្យពួកគេនូវ WiFi គ្មានកំណត់ ខណៈហាងកាហ្វេបរទេសទាំងនោះសុទ្ធតែមានដែនកំណត់។ ហាងកាហ្វេក្នុងស្រុកប្តូរមុខទំនិញជាញឹកញាប់ ជាពិសេសពួកគេបន្ថែមការលក់តែគុជ បូករួមជាមួយតម្លៃធូរថ្លៃ ដែលទាំងអស់នេះបានផ្ដល់ភាពងាយស្រួលដល់អ្នកទិញ ខណៈដែលតែគុជគឺជាភេសជ្ជៈកំពុងពេញនិយមសម្រាប់ក្មេងជំទង់៕

អត្ថបទ៖ លីដា