ប្រទេសជប៉ុននឹងបន្តជួយកម្ពុជាថែមទៀតតាមរយៈអង្គការ JICA ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងកសាងសមត្ថភាពមន្ត្រីនៅក្នុងក្រសួងលើវិស័យធនធានទឹកនៅកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ជាពិសេសអាចដោះស្រាយបញ្ហាជូនប្រជាកសិករដែលកំពុងខ្វះខាតទឹកសម្រាប់ធ្វើស្រែ ចំការនៅតាមបណ្ដាខេត្ត។ នៅក្នុងជំនួបសម្ដែងការគួរសមរវាងឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក SUNAZAKI Kozi អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល JICA HOKKAIDO ប្រទេសជប៉ុន ឯកឧត្តម ប៊ុន ហ៊ាន បានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅដល់ JICA ដែលតែងតែយកចិត្តទុក្ខដាក់ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្ស និងកសាងសមត្ថភាពមន្ត្រីនៅក្នុងក្រសួងលើវិស័យធនធានទឹកនៅកម្ពុជា។
ដោយតាមរយៈការបណ្ដុះបណ្ដាលពីជប៉ុន បានធ្វើឲ្យមន្រ្តីបច្ចេកទេសក្រសួងមានសមត្ថភាពម្ចាស់ការលើការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ ទន្ទឹមនឹងនេះផងដែរប្រធាននាយកដ្ឋានបណ្តុះបណ្តាល JICA ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការដ៏ល្អរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការបញ្ជូនមន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិទៅចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុន ហើយបានយកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាល មកអនុវត្តន៍នៅក្នុងប្រទេសរបស់ខ្លួន។ បន្ថែមពីនេះលោកនឹងអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រនៅខេត្តពោធិ៍សាត់ ដើម្បីសិក្សាស្វែងយល់អំពីការងារបង្កបង្កើនផលស្រូវ និងជួយបំពេញបន្ថែមនូវចំណុចខ្វះខាត ដើម្បីកសាងកម្មវិធីបណ្តុះបណ្តាលអោយបានសមស្របទៅនឹងតម្រូវការជាក់ស្តែង៕



អត្ថបទ៖ លីនី


