សារមន្ទីរ​សព្វទស្សន៍អង្គរ​ ​រួមទាំងអាជីវកម្មផ្សេង​ទៀត ដែលវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងជើង ត្រូវបានបិទទ្វារដោយសារការដាក់ទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិ
សេដ្ឋកិច្ច អាជីវកម្ម January 4, 2020 Chan Sreyny

ភោជនីយដ្ឋានព្យុងយ៉ាង (កូរ៉េខាងជើង) និងសារមន្ទីរ​សព្វទស្សន៍អង្គរ​ ​រួមទាំងអាជីវកម្មផ្សេង​ទៀតដែលវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងជើងនៅក្នុងខេត្តសៀមរាបត្រូវបានបញ្ឈប់អាជីវកម្ម ដោយសារការអនុវត្តតាមខ្លឹមសារសេចក្ដីសម្រេចលេខ២៣​៩៧ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង។ នេះបើយោងការអះអាងរបស់គេហទំព័រយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បន្ទាប់ពីមានព័ត៌មានមួយចំនួនបានចុះផ្សាយថាការបិទនេះបណ្ដាលមកពីចំនួនភ្ញៀវទេសចរធ្លាក់ចុះ ធ្វើឲ្យអាជីវកម្មដួលរលំ។

គួរបញ្ចាក់ផងដែរថាសារមន្ទីរ​ 3D ដំបូងបង្អស់នៅកម្ពុជាសារមន្ទីរ​ ​3D ឬ សារមន្ទីរ​សព្វទស្សន៍អង្គរ​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​មកពីប្រទេសកូរ៉េខាងជើងនៅក្នុងខេត្តសៀមរាបបាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ឆ្នាំ​ ​២០១៥​ ​ក្រោមការសាងសង់របស់ក្រុម​ហ៊ុន​កូរ៉េខាងជើង​ ​និងមាន​ការចូលរួម​ពី​អាជ្ញាធរ​អប្សរាក្រោមទុនវិនិយោគ ២៤លាន​ដុល្លារ​អាមេរិក។ ដោយកន្លងមកសារមន្ទីរ​ ​3D​ ​ដំបូងបង្អស់​នៅ​ប្រទេស​កម្ពុជានេះ បានចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលចង់​ស្វែងយល់​ពី​វប្បធម៌​ ​និង​អច្ឆរិយ​របស់​ខ្មែរ ជាមួយការ​គ្រឿង​បរិ​ក្ខា​ទំនើប​ៗ​ដែល​អាច​បង្ហាញ​អំពី​ប្រវត្តិ​នៃ​ប្រាសាទបុរាណ​ ​និង​ប្រវត្តិ​នៃ​ព្រះមហាក្សត្រ​ខ្មែរ​តាម​ជំនាន់​នី​មួយ​ៗ​​តាមរយៈ​រូបភាព​ ​និង​វីដេអូ​ជា​ប្រភេទ​ ​3D​ ផងដែរ៕

អត្ថបទ៖ លីនី ​