ពីថ្ងៃនេះទៅលោកអ្នកអាចធ្វើការ បរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាម TrueMoney App បានហើយ
PR December 27, 2019 Khmernote

នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩, នៅមជ្ឈមណ្ឌលព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខា-ធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក ឈន់ សកល នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) បានអញ្ជើញចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការប្រើប្រាស់សេវាកម្មកៀរគរនិងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជារវាងក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) និងមូលនិធិគន្ធបុប្ផាកម្ពុជា”។

ក្នុងឱកាសនោះ លោក ឈន់ សកល បានលើកឡើងថាការចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះជាកិច្ចសហការថ្មីមួយទៀត ក្នុងការផ្ដល់នូវជម្រើសបន្ថែមជូនសប្បុរសជន ដែលមានបំណងបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យមានលក្ខណៈកាន់តែងាយស្រួលតាមរយៈសេវាផ្ទេរប្រាក់របស់ក្រុមហ៊ុនទ្រូម៉ាន់នី នៅតាមគ្រប់ភ្នាក់ងារទាំងអស់នៅទូទាំងប្រទេស ឬកម្មវិធីទ្រូម៉ាន់នី (TrueMoney App) ។ លោកបានបន្ថែមថា ដើម្បីអបអរសាទរដល់កិច្ចសហការនេះ ក្រុមហ៊ុនទ្រូម៉ាន់នី បានផ្ដល់កម្មវិធីពិសេសជូនសប្បុរសជនទាំងអស់ដែលបានដំឡើងកម្មវិធីទ្រូម៉ាន់នី (TrueMoney App) រួចដាក់លុយទៅក្នុងគណនីនោះ និងធ្វើការបរិច្ចាគក្នុងចំនួនណាមួយ ទោះតិចក្ដី ឬច្រើនក្ដី ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្រុមហ៊ុននឹងរួមចំណែកបរិច្ចាគបន្ថែមចំនួន២០០០រៀលជូនមូលនិធិគន្ធបុប្ផាភ្លាមៗដែរ។ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានថ្លែងអំណរគុណគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនទ្រូម៉ាន់នី ចំពោះកិច្ចសហការនេះ និងបានគូសបញ្ជាក់ថា “ការចូលរួមបរិច្ចាគរបស់សប្បុរសជន ទោះតិចក្ដី ឬច្រើនក្ដី ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ពិតជាមានសារសំខាន់ ក្នុងការចូលរួមគាំទ្រដល់ការព្យាបាល និងសង្គ្រោះកុមារកម្ពុជា ដើម្បីនាំមកនូវភាពញញឺមដល់ពួកគេដែលជាអនាគតដ៏ភ្លឺស្វាងរបស់ជាតិ”។

សូមជម្រាបជូនថាទ្រូម៉ាន់នី គឺជាក្រុមហ៊ុនទំនើបកម្មដែលផ្ដល់ដែលផ្តល់នូវសេវាទូទាត់ចល័តនៅអាស៊ីអាគ្នេយ៍ដែលបានធ្វើប្រតិបត្តិការក្នុងប្រទេសចំនួន ៦ ក្នុងតំបន់ ដែលរួមមានប្រទេសកម្ពុជាផងដែរ។ បន្ថែមពីនេះទៀត ក្រុមហ៊ុនទ្រូម៉ាន់នី ក៏បានធ្វើឱ្យអតិថិជន ដែលគណនីនៅធនាគារ អាចប្រើប្រាស់សេវាហរិញ្ញវត្ថុបានតាមរយៈ TrueMoney App និងភ្នាក់ងារទ្រូម៉ាន់នីទូទាំងប្រទេស។ ជាមួយនឹងគោលដៅ និងទស្សនៈវិស័យច្បាស់លាស់ យើងបានក្លាយជាក្រុមហ៊ុនឈានមុខមួយនៅក្នុងទីផ្សារកម្ពុជាយ៉ាងឆាប់រហ័ស ជាមួយនឹងចំនួនភ្នាក់ងារច្រើនបំផុត ដែលមានអតិថិជនច្រើនជាង ២លាននាក់ និងធ្វើប្រតិបត្តិការប្រចាំខែ ជិត៣លានប្រតិបត្តិការ។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកភ្នាក់ងារច្រើនជាងគេកម្ពុជា ហើយក៏មានដៃគូសហការជាច្រើន សម្រាប់ផ្តល់នូវសេវាទូទាត់ហរិញ្ញវត្ថុ ដែលមានភាពងាយស្រួល និងទាន់សម័យ។