ផ្សារទំនើប Big C បើកសម្ភោធជាផ្លូវការនៅលើទឹកដីកម្ពុជា នៅថ្ងៃនេះ!
PR December 4, 2019 Khmernote

ផ្សារទំនើប Big C ជាផ្សារទំនើបដែលឈានមុខគេមួយនៅក្នុងប្រទេសថៃ និងត្រូវបានបង្កើតឡើងជិត៣០ឆ្នាំហើយនោះ ពេលនេះមានវត្តមាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យហើយ ព្រមទាំងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ។

ផ្សារទំនើប Big C នឹងបើកសម្ពោធជាផ្លូវការក្រោមអធីបតីភាព ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ លោក Aswin Techajareonvikul ជានាយកប្រតិបត្តិនៃក្រុមហ៊ុន BIG C SUPERCENTER និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្សផងដែរ។

យោងតាមប្រសាសន៍របស់លោក Aswin Techajareonvikul ជានាយកប្រតិបត្តិនៃក្រុមហ៊ុន BIG C SUPERCENTER នៅថ្ងៃនេះ បានឲ្យដឹងថា៖ «យើងមានកិត្តិយសដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការដាក់សម្ពោធផ្សារទំនើប Big C ជាលើកដំបូងនៅទីក្រុងប៉ោយប៉ែត»។

លោកបានបន្ថែមថា ដោយមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា យើងចង់ក្លាយដៃគូនៃការអភិវឌ្ឍន៍នៃតំបន់ប៉ោយប៉ែតនេះ តាមរយៈការនាំយកមកនូវសេវាកម្ម និងផលិតផលប្រកបដោយគុណភាពមកជូនប្រជាជនក្នុងតំបន់។

ផ្សារទំនើប Big C មានទីតាំងស្ថិតនៅភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រមាណជាង ១គីឡូម៉ែត្រតែប៉ុណ្ណោះពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ ផ្សារទំនើបខ្នាតយក្សមួយនេះ បានបង្កើតការងាររាប់ពាន់កន្លែងជូនដល់ប្រជាជនកម្ពុជាថែមទៀតផង ។

នៅក្នុងផ្សារទំនើបទាំងមូល មានដាក់លក់នៅទំនិញប្រើប្រាស់រាប់ពាន់ប្រភេទនាំចូលពីបណ្ដាប្រទេសជាច្រើន ដែលមានគុណភាពខ្ពស់ និងតម្លៃធូរថ្លៃសមស្របទៅតាមប្រាក់ចំណូលប្រជាជនដែលមានកម្រិតមធ្យម និងទាប។ នៅក្នុងផ្សារនេះ មានការបែងចែកដាច់ដោយឡែកពីគ្នា រវាងទីតាំងលក់សម្ភារៈប្រើប្រាស់ ទីតាំងលក់សម្លៀកបំពាក់ ទីតាំងលក់គ្រឿងសម្អាង ក៏ដូចជាចំណីអាហារជាដើម ។ យ៉ាងណាមិញ ក្រុងប៉ោយប៉ែតនាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍយ៉ាងខ្លាំងស្របពេលដែលកំណើនសេដ្ឋកិច្ចក្នុងតំបន់ទាំងមូលមានភាពល្អប្រសើរមួយកម្រិតទៀតនោះ វត្តមានផ្សារទំនើបដ៏ធំមួយនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបំពេញតម្រូវការបញ្ជាទិញទំនិញគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋក្នុងតំបន់ក៏ដូចជាតំបន់ជិតខាងផងដែរ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ដើម្បីអបអរសាទរការបើកសម្ពោធជាផ្លូវការនេះ អតិថិជននឹងទទួលបាននូវភាពរីករាយក្នុងការទិញទំនិញបញ្ចុះតម្លៃកប់ៗតែម្ដង៕