ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា រួមគ្នាធ្វើឱ្យទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាទទួលបានការចាប់អារម្មណ៍នៅពិព័រណ៍ London Summit 2019
PR November 17, 2019 Samrith Choung

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បាននាំទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឆ្ពោះទៅមុខមួយជំហានទៀត តាមរយៈការចូលរួមយ៉ាងសកម្ម និងការផ្សព្វផ្សាយអំពីវាយ៉ាងទូលំទូលាយនៅពិព័រណ៍ London Summit 2019 ដែលជាពិព័រណ៍ហិរញ្ញវត្ថុដ៏ធំបំផុតមួយរបស់ពិភពលោក។ ពិព័រណ៍ London Summit 2019នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅសាល Old Billingsgate នៃប្រទេសអង់គ្លេស ហើយបានប្រមូលផ្ដុំអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុរាប់ពាន់នាក់ ក្នុងគោលបំណងបង្កើតទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ចាប់យកឱកាសវិនិយោគ ផ្លាស់ប្ដូរបទពិសោធន៍និងយុទ្ធសាស្រ្ត និងផ្ដល់ការអប់រំ។

ការចូលរួមនេះ គឺជាលើកទី៣ ដែលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង មានវត្តមាននៅក្នុងពិព័រណ៍ London Summit បន្ថែមទៅលើការចូលរួមរបស់ខ្លួនក្នុងពិព័រណ៍ ​ iFX Expo International នៅប្រទេសសាយប្រឺស និងពិព័រណ៍ iFX Expo Asia នៅទីក្រុងហុងកុង។ សម្រាប់គណៈកម្មការមូលបត្រកម្ពុជាវិញ វាក៏ជាលើកទី២ដែលស្ថាប័នមួយនេះបានចូលរួមពិព័រណ៍ហិរញ្ញវត្ថុបែបនេះ ក្រោយពីបានផ្សព្វផ្សាយអំពីប្រទេសកម្ពុជានៅក្នុងពិព័រណ៍នៅទីក្រុងហុងកុងកាលពីខែមករាដើមឆ្នាំ២០១៩នេះ។ គិតមកដល់បច្ចុប្បន្ន មិនមានក្រុមហ៊ុនឧបករណ៍និស្សន្ទ ជាពិសេសនិយ័តករច្រើននោះទេនៅក្នុងតំបន់អាស៊ាន ដែលអាចសម្រេចជោគជ័យដូច្នេះបាន។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា និងអ្នកតំណាងនិយ័តករកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «ពេលវេលាដែលប្រទេសកម្ពុជា និងទីផ្សារឧបករណ៍និស្សន្ទរបស់កម្ពុជា មិនមានអ្នកស្គាល់នៅលើឆាកអន្តរជាតិនោះ ជិតដល់ទីបញ្ចប់ហើយ។ ក្នុងរយៈពេល២ថ្ងៃនេះ យើងបានជួបក្រុមហ៊ុនហិរញ្ញវត្ថុ និងអ្នកមកចូលរួមក្នុងពិព័រណ៍នេះជាច្រើននាក់។ បន្តិចម្ដងៗ យើងបានឱ្យពួកគេដឹងពីទិដ្ឋភាពទូទៅនៃប្រទេសរបស់យើង ក៏ដូចជាទស្សនៈវិស័យនៃទីផ្សារឧបករណ៍និស្សន្ទរបស់យើង។ យើងពេញចិត្តនឹងការវិវត្តមួយនេះ ហើយយើងសប្បាយចិត្តនៅពេលដែលមានមនុស្សជាច្រើននិយាយអំពីយើង និងប្រទេសកម្ពុជាយើង។»

ក្នុងនាមជានិយ័តករ និងអ្នកគាំទ្រម្នាក់នៃពិព័រណ៍ London Summit 2019 លោកបណ្ឌិត វិន ភក្ដី ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូលបត្រ​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ មានជំនឿយ៉ាងមុតមាំថា ការធ្វើអ្វីមួយសម្រាប់ប្រទេសកម្ពុជានៅក្នុងពិព័រណ៍អន្តរជាតិ គឺជាសមិទ្ធិផលមួយគួរឱ្យមោទក។

លោកបណ្ឌិត បាននិយាយថា៖ «យើងមកពិព័រណ៍ London Summit 2019 ដើម្បីប្រទេសកម្ពុជា។ យើងមកទីនេះដើម្បីទីផ្សារឧបករណ៍និស្សន្ទរបស់យើង ហើយយើងមកទីនេះដើម្បីវិស័យឧបករណ៍និស្សន្ទទាំងមូលជាសកល។ យើង មានមោទកភាពក្នុងការបង្ហាញប្រទេសរបស់យើងទៅកាន់ពិភពលោក និងនាំយកបទពិសោធន៍ និងគំនិតថ្មីៗត្រឡប់ទៅវិញសម្រាប់ភាពរីកចម្រើន ក៏ដូចជាយុគសម័យកាន់តែប្រសើរនៃទីផ្សារឧបករណ៍និស្សន្ទរបស់យើង។»

ដោយរក្សាបាននូវតំណែងរបស់ខ្លួនក្នុងនាមជាអ្នកផ្សព្វផ្សាយយ៉ាងសកម្មបំផុតនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង សម្រេចបាននូវយុទ្ធសាស្រ្តឈ្នះឈ្នះសម្រាប់ប្រទេសកម្ពុជានិងវិនិយោគិនបរទេសផងដែរ។

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង ដែលបានខិតខំផ្សព្វផ្សាយអំពីការយល់ដឹងពីទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជានៅពិព័រណ៍ London Summit 2019 បាននិយាយថា​៖ «គុណសម្បត្តិជាច្រើន អាចត្រូវបានទាញយកមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់វិនិយោគិនបរទេសផងដែរ ដោយសារតែ ប្រទេសកម្ពុជានិងទីផ្សារឧបករណ៍និស្សន្ទរបស់ខ្លួនត្រូវបានគេស្គាល់កាន់តែច្បាស់ ហើយវិនិយោគិនទាំងនោះបានដឹងពីឱកាសវិនិយោគល្អៗនៅកម្ពុជា។ នៅពេលដែលមានលំហូរចូលនៃវិនិយោគិនបរទេស ភាគីពាក់ព័ន្ធនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមានការកើនឡើងនៃសេដ្ឋកិច្ច ធនធានមនុស្សនិងការអប់រំ អត្រាការងារ អចលនទ្រព្យ និងផលត្រឡប់ពីការវិនិយោគ។»

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការវិនិយោគដោយផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យឧបករណ៍និស្សន្ទ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេងបានអភិវឌ្ឍខ្លួនជាក្រុមហ៊ុនផ្ដល់សេវាកម្មគ្រប់លក្ខណៈ និងជាមជ្ឈមណ្ឌលសម្រាប់ក្រុមហ៊ុនឈ្មួញជើងសាទាំងអស់។

លោកស្រី Monisa Yang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេងបានឱ្យដឹងថា៖ «យើង បានចាប់ផ្តើមបើកទ្វារទទួលក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ជាផ្លូវការនៅឆ្នាំ២០១៦។ ចាប់តាំងពីពេលនោះមក យើងបាននិងកំពុងចូលរួមចំណែកជាបន្តបន្ទាប់ដល់ភាពរីកចម្រើននៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា។ ការប្តេជ្ញាចិត្តនិងការពេញចិត្តក្នុងការបង្កើតប្រវត្តិសាស្រ្ត គឺជាកម្លាំងជំរុញដ៏ធំបំផុតរបស់យើង។ គុណភាពល្អឥតខ្ចោះ គឺជាការកំណត់ស្តង់ដារ ហើយភាពគង់វង្សគឺជាតម្លៃស្នូលរបស់យើង។ ដូច្នេះ យើងបានបន្តអភិវឌ្ឍខ្លួន និងធ្វើឱ្យប្រាកដថា ក្រុមហ៊ុនឈ្មួញជើងសារបស់យើងទទួលបានសេវាកម្មល្អបំផុត។»

ចំពោះសកម្មភាពថ្មីៗនៅក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេងបាននិងកំពុងសហការជាមួយគណៈកម្មការមូលបត្រកម្ពុជានិងរដ្ឋបាលខេត្តនានា ក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ដែលជាការបន្តភាពជោគជ័យពីសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៨ ដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ បទប្បញ្ញត្តិ និងឱកាសវិនិយោគដល់សាធារណៈជនកម្ពុជា។ ដំណើរដ៏អស្ចារ្យទៅកាន់គ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា នឹងត្រូវបានបញ្ចប់នៅប៉ុន្មានខែខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង សូមចូលទៅគេហទំព័រ www.cdx.com.kh។