“Brexit” គឺជាពាក្យកាត់ចេញពី British Exiting ដែលនិយាយអំពីចក្រភពអង់គ្លេសត្រូវចាកចេញពីសហភាពអឺរ៉ុប (EU) ។ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ អង់គ្លេសបានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប។ ចុះហេតុអ្វីបានជាចក្រភពអង់គ្លេសចង់ចាកចេញ?
– មូលហេតុដែលអង់គ្លេសចង់ដកខ្លួនពីសហភាពអឺរ៉ុបគឺមាន ៣ ៖
១. សេរីភាព៖ ក្រោមសហភាពអ៊ឺរ៉ុបគោលនយោបាយជាតិជាច្រើន ត្រូវបានសម្រេចដោយក្រុមមេដឹកនាំអ៊ឺរ៉ុប។ ឥឡូវនេះជនជាតិអង់គ្លេសនឹងមានសេរីភាពផ្តាច់មុខក្នុងការសម្រេច លើជោគវាសនានៃប្រទេសរបស់ពួកគេ។ ចក្រភពអង់គ្លេសនឹងមានសេរីភាពក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនដោយផ្ទាល់ ហើយនឹងមិនចាំបាច់បង់ប្រាក់រាប់ពាន់លានផោនក្នុងថ្លៃជាសមាជិកភាពរបស់សហភាពអឺរ៉ុបទេ ក៏ដូចជារួចផុតពីបទប្បញ្ញត្តិ និងការិយាធិបតេយ្យរបស់ EU ។
២. ឣន្ដោរបវេសន៍៖ ច្បាប់របស់សហគមន៍អ៊ឺរ៉ុបបានអនុញ្ញាតឱ្យសមាជិករបស់ខ្លួន មានសិទ្ធិធ្វើចំណាកស្រុកទៅប្រទេសណាមួយនៅក្នុងសហភាពអ៊ឺរ៉ុប សម្រាប់គោលបំណងការងារដោយសេរី។ គោលនយោបាយនេះបានជួយបង្កើតលំហូរពលករចំណាកស្រុកចូលទៅចក្រភពអង់គ្លេស ដែលវាបានផ្លាស់ប្តូរប្រជាសាស្ត្រយ៉ាងឆាប់រហ័ស និងបង្កើតសម្ពាធបន្ថែមលើសេវាកម្មសាធារណៈ លំនៅដ្ឋាន និងការងារនៅអង់គ្លេស។

៣. ភាពមិនទុកចិត្ត៖ នៅទ្វីបអឺរ៉ុបក៏ដូចជានៅក្នុងវប្បធម៌បស្ចិមប្រទេសផ្សេងទៀត មានការអាក់អន់ចិត្តកាន់តែខ្លាំងឡើងប្រឆាំងនឹងអ្នកនយោបាយជាច្រើន និងអ្វីដែលគេហៅថា “អ្នកមាន” ។ ក្រុមនេះភាគច្រើនត្រូវបានគេគិតថា ជាមនុស្សដែលឃ្លានអំណាច និងមិនមានទំនាក់ទំនងជាមួយមនុស្សធម្មតា។ ការកើនឡើងនូវការមិនទុកចិត្តគ្នាបានធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ថា វង្វេងស្មារតី ហើយសិទ្ធិដែលព្រះជាម្ចាស់របស់ពួកគេប្រទានឱ្យត្រូវបានគំរាមកំហែង។
ទាំងនេះគឺជាមូលហេតុរបស់អង់គ្លេសចង់ចាកចេញពីសហភាពអឺរ៉ុប ដែលគ្មាននរណាស្មានដល់។ អង់គ្លេសគឺជាប្រទេសធំដំបូងគេដែលធ្វើដូច្នេះ ហើយការសម្រេចចិត្តរបស់ពួកគេនឹងបង្កើតនូវលទ្ធផលជាសកលជាច្រើននៅឆ្នាំខាងមុខទៀត៕

អត្ថបទ៖ លីដា


