ចំនួនប្រជាជននៅភ្នំពេញនឹងកើនដល់ជិត ៨លាននាក់ នៅឆ្នាំ ២០៣០
សេដ្ឋកិច្ច September 20, 2019 Khmernote

ភ្នំពេញៈ ជាមួយកំណើនសេដ្ឋកិច្ច នគរូបនីយកម្មក៏បានកើនឡើងយ៉ាងឆាប់រហ័ស។ តាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អំពីក្របខណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជាឃើញថា ចំនួនប្រជាជនរស់នៅក្នុងរាជធានី ក្រុង និងទីប្រជុំជននៅឆ្នាំ ២០១៤ មានចំនួនប្រមាណ ៤, ៥ លាននាក់ ត្រូវជា ២៧,១% និងបន្តកើនដល់៧, ៩២ លាននាក់ ត្រូវជា ៤៤% នៅឆ្នាំ ២០៣០។នេះបើតមាការឱ្យដឹងរបស់លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

លោករដ្ឋលេខាធិការបានបញ្ជាក់ថាតាមទិន្នន័យនេះ បង្ហាញឲ្យឃើញថា សម្រាប់រយៈពេល១៥ ឆ្នាំ (២០១៥-២០៣០) តម្រូវការលំនៅឋាន សម្រាប់តំបន់រាជធានី ក្រុង ទីប្រជុំជន មានប្រមាណ ៨០ម៉ឺនលំនៅឋាន ដែលគិតជាមធ្យមមានតម្រូវការប្រមាណ ៥ ម៉ឺនលំនៅឋាន ក្នុងមួយឆ្នាំ។

ឆ្លើយតបនឹងបញ្ហានេះ ក្រសួងបាននិងកំពុងសកម្មអនុវត្តគោលនយោបាយជាតិស្តីពីការរៀបចំដែនដី ក្នុងការកសាងផែនការរៀបចំដែនដី ប្លង់គោល និងផែនការប្រើប្រាស់ដីគ្រប់កម្រិត និងគោលនយោបាយស្តីពីលំនៅឋាន ឲ្យស្របតាមតម្រូវការនៃការរីកលូតលាស់ផ្នែកនគរូបនីយកម្ម និងកំណត់តំបន់ទិសដៅយុទ្ធសាស្រ្តអភិវឌ្ឍក្រុងពង្រីកទីក្រង តំបន់ស្នាក់នៅ និងជាពិសេសលំនៅឋានដែលមានតម្លៃសមរម្យជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ៕

អត្ថបទ៖ សុផល