ការនាំចេញរបស់កម្ពុជាទៅអង់គ្លេសកើនដល់ជាង១ពាន់លានដុល្លារ
សេដ្ឋកិច្ច September 18, 2019 Khmernote

ភ្នំពេញ៖ទំហំពាណិជ្ជកម្មរវាងអង់គ្លេសនិងកម្ពុជា បានកើនឡើងដល់ជាង១ពាន់ដុល្លារ ខណៈដែលការនាំចេញរបស់កម្ពុជា មានច្រើនលើសលុប ជាងអង់គ្លេសនាំចូលមកម្ពុជាវិញ។ តួលេខផ្លូវការរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស គិតជាទឹកប្រាក់ចំនួន៤៦៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសចំនួន៤៥០លានដុល្លារ ចំណែកអង់គ្លេសនាំចូលមកម្ពុជា មានចំនួន១៥លានដុល្លារ។

នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានទឹកប្រាក់១,០៨៣លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសមានចំនួន១,០១៨លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជា មានតែ៦៥លានដុល្លារប៉ុណ្ណោះ។ នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មមានទឹកប្រាក់១,០៤៤លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសចំនួន១,០១៤លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជា ចំនួន៣០លានដុល្លារ។ ទំនិញដែលកម្ពុជានាំចេញទៅអង់គ្លេសរួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ជិះ អង្ករ និងផលិតកសិកម្មផ្សេងទៀត។

សូមជម្រាបថា ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ផងដែរ សម្រាប់កម្ពុជា ក្នុងតំបន់អឺរ៉ុប។ អង់គ្លេសជាប្រទេសទី៣ ក្នុងតំបន់អឺរ៉ុប ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ៕

អត្ថបទ៖ សុផល