កន្លងមកភ្ញៀវទេសចរណ៍អឺរ៉ុបគឺជាគោលដៅសំខាន់មួយសម្រាប់ប្រទេសដែលជាអ្នកផ្ដល់សេវាកម្មទេសចរណ៍ តែយ៉ាងណាក្តីយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានថៃបានឲ្យដឹងថា បច្ចុប្បន្ននេះប្រទេសថៃមិនសូវខ្វាយខ្វល់ជាមួយនឹងភ្ញៀវទេសចរណ៍អឺរ៉ុបទៀតឡើយ តែពួកគេយកចិត្តទុកដាក់ជាមួយនឹងភ្ញៀវទេចរណ៍ចិនច្រើនជាង។ ប្រភពខាងលើបន្តថា ហេតុផលដែលធ្វើឲ្យថៃយកចិត្តទុកដាក់ជាមួយនឹងភ្ញៀវទេចរណ៍ចិនខ្ពស់ និងគិតថាភ្ញៀវទេសចរណ៍ចិនសំខាន់ខ្លាំងនោះគឺថា ភ្ញៀវទេសចរណ៍ចិនដែលមកកំសាន្តនៅក្នុងប្រទេសថៃមានចំនួនច្រើនជាងប្រទេសណាៗទាំងអស់ ពោលគឺស្មើនឹង ៥៧,៤៨ នៃចំនួនភ្ញៀវទេចរណ៍សរុប បើគិតត្រឹមខែមិនាឆ្នាំ ២០១៩ នេះ។ សម្រាប់ការស្នាក់នៅក្នុងប្រទេសថៃវិញ ជាមធ្យមភ្ញៀវទេសចរណ៍ចិនម្នាក់ចំណាយប្រាក់រហូតដល់ ១៩២ ដុល្លារអាមេរិកក្នុងមួយថ្ងៃ ខណៈភ្ញៀវទេសចរណ៍អឺរ៉ុបចំណាយត្រឹម ១២៥ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយបើគិតជាភាគរយគឺភ្ញៀវទេសចរណ៍ចិនម្នាក់អាចចំណាយប្រាក់លើសភ្ញៀវទេសចរណ៍អឺរ៉ុបរហូតដល់ ៥៣%។
តាមរបាយការណ៍ទេសចរណ៍ថៃបានបង្ហាញថា ភ្ញៀវទេសចរណ៍ចិនបានបង្កើតប្រាក់ចំណូលប្រមាណជា ១៥ ៣៤២ ០០០ ០០០ ដុល្លារ ក្នុងមួយឆ្នាំសម្រាប់ប្រទេសថៃ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺថា បច្ចុប្បន្ននេះមានប្រជាជនចិនត្រឹមតែ ៨,៧% ឬស្នើនឹង ១២០ លាននាក់ នៃប្រជាជនចិនសរុបប៉ុណ្ណោះដែលមានលិខិតឆ្លងដែនសម្រាប់ចេញក្រៅប្រទេសបាន ហើយគេរពឹងថាតួលេខនេះនឹងកើនឡើងទ្វេរដងរហូតដល់ចំនួន ២៤០ លាននាក់នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ សម្រាប់ប្រទេសថៃវិញបានក៏បានបង្ហាញនូវសុទិដ្ឋិនិយមផងដែរថា ចំនួនភ្ញៀវទេសចរណ៍ចិនដែលនឹងមកកំសាន្តនៅក្នុងប្រទេសខ្លួនក៏កើតឡើងរាល់ឆ្នាំផងដែរ ហើយទម្រាំដល់ឆ្នាំ ២០៣០ គឺអាចឈានដល់ចំនួនជាង ៧៩ លាននាក់ ខណៈឆ្នាំ ២០១៨ កន្លងទៅមានចំនួនរហូតដល់ជាង ៣៨ លាននាក់ទៅហើយ៕


អត្ថបទ៖ ភក្តី


