ថៃជាប្រទេសនាំចេញទុរេនលេខ ១ និងរកចំណូលបាន ៨០០លានដុល្លារ ក្នុងរយៈពេល ៦ខែដំបូង នៃឆ្នាំ២០១៩
សេដ្ឋកិច្ច September 5, 2019 Khmernote

ថៃ៖ នាយកដ្ឋានចរចាពាណិជ្ជកម្ម (DTN) បានចេញរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញទុរេន ដែលមានចំនួន ៨១៧លានដុល្លារ ក្នុងរយៈពេល ៦ខែ ដំបូងនៃ ឆ្នាំ២០១៩ ហើយនេះក៏ត្រូវអរគុណដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) សម្រាប់ការកើនឡើងនេះ។ មានការកើនឡើង ៤៥% បើប្រៀបធៀបនឹងចំនួននៃការនាំចេញទុរេន ក្នុងរយៈពេលដូចគ្នាកាលពីដើម ឆ្នាំ២០១៨។ ប្រទេសចិនគឺជាអ្នកនាំចូលទុរេនថៃជាងគេ ជាមួយនឹងកំណើន ៧០% បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ។

ទុរេនគឺជាផ្លែឈើនាំចេញដ៏ពេញនិយមបំផុតរបស់ប្រទេសថៃ ដែលស្មើនឹង ៤៤% នៃការនាំចេញផ្លែឈើគ្រប់មុខទាំងអស់។ ប្រទេសដែលនាំចូលទុរេនថៃសំខាន់ៗគឺប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។ ថៃក៏បានក្លាយជាអ្នកនាំចេញទុរេនធំជាងគេយកឈ្នះហុងកុង និងម៉ាឡេស៊ីផងដែរ។ ទុរេនថៃត្រូវបានលើកលែងពន្ធនាំចូលក្នុងប្រទេសចំនួន ១៦ រួមមាន៖ ចិន ហុងកុង អូស្ត្រាលី ញូវហ្សេឡែន ជប៉ុន វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី ឡាវ កម្ពុជា ភូមា ហ្វីលីពីន ប្រ៊ុយណេ ឥណ្ឌា ឈីលី និងប៉េរូ។ ចំណែកកូរ៉េខាងត្បូងបានបន្ថយពន្ធទុរេនថៃពី ៤៥% មកត្រឹម ៣៦% ខណៈម៉ាឡេស៊ីគឺ ៥% ។

ទីផ្សារសំខាន់សម្រាប់ទុរេនថៃគឺចិន និងអាស៊ាន ដែលមានការនាំចេញ ៧៩% នៃការនាំចេញទុរេនទាំងអស់។ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៩ ប្រទេសថៃបាននាំចេញទុរេនរហូតដល់ ៤២៥លានដុល្លារ ទៅចិន និង ២១៩លានដុល្លារ ទៅកាន់ទីផ្សារអាស៊ាន។ មានការកើនឡើងចំនួន ៤១,៨៤០% លើការនាំចេញទុរេនថៃទៅកាន់ប្រទេសចិន បើប្រៀបធៀបនឹង ឆ្នាំ២០០២ គឺមួយឆ្នាំមុនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចិន បានកើតឡើង៕

អត្ថបទ៖ លីដា