Grab នឹងវិនិយោគប្រាក់ ៥០០ លានដុល្លារនៅប្រទេសវៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ
សេដ្ឋកិច្ច August 29, 2019 Chan Sreyny

ក្រុមហ៊ុនដឹកជញ្ជូន Grab បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ៥០០ លានដុល្លារអាមេរិកនៅប្រទេសវៀតណាមក្នុងរយៈពេល​ ៥ ឆ្នាំខាងមុខទៀតដើម្បីពង្រីកសេវាកម្មរបស់ខ្លួននៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក Russell Cohen ប្រធានផ្នែកប្រតិបត្តិការប្រចាំតំបន់របស់ Grab បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុននឹងពង្រីកបណ្ដាញដឹកជញ្ជូន ការទូទាត់ម្ហូបអាហារតាមប្រព័ន្ធរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដែលការវិនិយោគនេះគឺឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះប្រទេសវៀតណាម “។

លើសពីនេះលោកបានបន្តថា៖ ” សេដ្ឋកិច្ចរបស់វៀតណាមកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ស្របពេលដែលប្រជាជនវណ្ណៈកណ្ដាលក៏កំពុងកើនឡើង ធ្វើឲ្យកាន់តែមានភាពជឿនលឿន សម្រាប់ការទទួលយកសេវាកម្មឌីជីថល “។ គួរបញ្ជាក់ផងដែរថាចាប់តាំងពីឈានជើងចូលក្នុងប្រទេសវៀតណាមលើកដំបូងក្នុងឆ្នាំ ២០១៤ Grab បានក្លាយជាកម្មវិធីឈានមុខគេក្នុងការដឹកជញ្ជូនអ្នកដំណើរ និងចែកចាយម្ហូបអាហារនៅក្នុងប្រទេស។ ហើយនៅឆមាសទី១ នៃឆ្នាំនេះ GrabFood បានបង្ហញឲ្យឃើញពីការកើនឡើងដល់ ៤០០% ដោយការបញ្ជាទិញប្រចាំថ្ងៃជាមធ្យមកើនដល់ ៣០០,០០០។ ទន្ទឹមនឹងនេះដៃគូយុទ្ធសាស្ត្ររបស់ខ្លួន Moca ក្នុងការទូទាត់ប្រាក់បានកត់ត្រាបរិមាណចំណាយសរុបរបស់ខ្លួននៅលើកម្មវិធី Grab កើនឡើង ១៥០% ក្នុងរយៈពេលនេះដោយអ្នកប្រើប្រាស់សកម្មចល័តប្រចាំខែកើនឡើងជាង ៧០% ៕

អត្ថបទ៖ លីនី