ក្រសួងសាធារណការ សហការជាមួយធនាគារកម្ពុជាសាធារណៈលើការប្រមូលកម្រៃសេវាសាធារណៈ
សេដ្ឋកិច្ច August 22, 2019 Khmernote

ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូននិងធនាគារកម្ពុជាសាធារណៈ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សម្រាប់ការប្រមូល កម្រៃ សេវា សាធារណៈ។ តាមរយៈកិច្ចព្រមព្រៀងនេះ សាធារណជនទទួលបានសេវាចុះបញ្ជីយានយន្ត សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សេវាចេញបណ្ណបើកបរ និងសេវាលើអាជីវកម្មដឹកជញ្ជូនផ្លូវគោក។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ លោក ដាតុ ផាន យិងថុង ប្រធានធនាគារប្រចាំតំបន់ប្រតិបត្តិការឥណ្ឌូចិននៃធនាគារកម្ពុជាសាធារណៈ បានមានប្រសាសន៍ថា៖ធនាគារកម្ពុជាសាធារណៈពិតជាមានមោទនភាព និងកិត្តិយសក្រៃលែងក្នុងនាមជាធនាគារពាណិជ្ជ ដំបូងគេ ដែលទទួលបានការតែងតាំងដោយក្រសួងសារណការ និងដឹកជញ្ជូនដើម្បីប្រមូល កម្រៃ សេវាសាធារណៈជំនួសឱ្យរាជរដ្ឋាភិបាលដូចជា ៖សេវាចុះបញ្ជីយានយន្ត, សេវាត្រួតពិនិត្យ លក្ខណៈ បច្ចេកទេសយានយន្ត ,សេវាចេញបណ្ណបើកបរ និង សេវាលើអាជីវកម្មដឹកជញ្ជូនផ្លូវគោក។

លោកប្រធានធនាគារប្រចាំតំបន់ប្រតិបត្តិការឥណ្ឌូចិននៃធនាគារកម្ពុជាសាធារណៈ បានគូសបញ្ជាក់បន្ថែមថា៖«ការតែងតាំងធនាគារកម្ពុជាសាធារណៈធ្វើជាភ្នាក់ងារប្រមូលសេវាសាធារណៈ មិនត្រឹមតែឆ្លុះបញ្ជាំងពីទំនុកចិត្ត និងភាពជឿជាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការទទួលស្គាល់ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលលើធនាគារក្នុងការប្រមូលចំណូលមូលនិធិសាធារណៈ។ជាមួយនឹងកំណើនយានជំនិះ ក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណ៤.៥២លានគ្រឿងគិតត្រឹមដំណាច់ឆ្នាំ២០១៨ឬមានអត្រាកំណើនជាមធ្យម ១៥.៦% ពីឆ្នាំ២០០៨ដល់ឆ្នាំ ២០១៨ដោយក្នុងនោះមានប្រមាណ ១៤.៦% ឬ ៦៦០.០០០ គ្រឿងជាយានយន្ត ធនាគារយើងខ្ញុំមានសុទិដ្និនិយមក្នុងការដើរតួនាទីយ៉ាងសំខាន់ដើម្បីធានាការប្រមូលចំណូលសេវាសាធារណៈលើការចុះបញ្ជីយានយន្ដនិងពន្ធមានភាពឆាប់រហ័សនិងប្រសិទ្ធភាព»។

លោក ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា៖«អនុស្សរណៈយោគយល់គ្នានេះ ជាការប្រពៃណាស់ អាចជួយសម្រួលដល់ប្រជាពលរដ្ឋឱ្យមានលក្ខណៈងាយស្រួលក្នុងការទទួលសេវាសាធារណៈ ចំណេញពេលវេលា រហ័ស និងកាត់បន្ថយចំណាយ ។ក្រសួងសាធារណការនិងដឹកជញ្ជូន បាននិងកំពុងតែខិតខំអភិវឌ្ឍនិង កែទម្រង់ ធ្វើយ៉ាងណាឱ្យវិស័យសេវាសាធារណៈកាន់តែងាយស្រួល រហ័ស និងមានប្រសិទ្ធភាព »៕