កម្ពុជា ចង់បង្កើនសកម្មភាពវិនិយោគ និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន
សេដ្ឋកិច្ច August 7, 2019 Khmernote

ភ្នំពេញ៖ ដោយសង្កេតឃើញនៅតាមច្រកព្រំដែនកម្ពុជា ថៃ នៅមានសក្តានុពលផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាលគ្រោងនឹងបង្កើនសកម្មភាពវិនិយោគទុនបន្ថែមទៀតនៅតាមច្រកព្រំដែន ដែលជាកន្លែងនាំចេញនាំចូលទំនិញដ៍សំខាន់។ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរក្រសួងស្ថាប័ន បំពេញទស្សនកិច្ចសិក្សានៅខេត្តបន្ទាយមានជ័យ និងនៅក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកអគ្គនាយករង លោក លោកស្រី ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងផ្នែកឯកជន និងតំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។

ទស្សនកិច្ចសិក្សានេះចែកចេញជាពីរផ្នែកសំខាន់ៗ គឺ (១) កិច្ចប្រជុំការងាររវាងគណៈប្រតិភូអន្តរក្រសួង ស្ថាប័ននិងរដ្ឋបាលខេត្តបន្ទាយមានជ័យនិង(២)ទស្សនកិច្ចនៅច្រកទ្វារអន្តរជាតិនិងច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ។គោលបំណងនៃទស្សនកិច្ចសិក្សានេះគឺដើម្បីសិក្សានិងស្វែងយល់បន្ថែមលើស្ថានភាពជាក់ស្តែងនៃសកម្មភាពវិនិយោគនិងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែនសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំដាក់ចេញនូវយន្តការពិសេសសម្រាប់ទាក់ទាញការវិនិយោគឱ្យកាន់តែច្រើន តាមរយៈជាអាទិ៍ ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅតាមជាយដែន ដោយយោងតាមស្មារតី និងលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំការងាររវាងគណៈប្រតិភូអន្តរក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានពិភាក្សាពីប្រធានបទសំខាន់ៗចំនួន៤ រួមមាន (១) ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែន, (២) ការតភ្ជាប់បណ្តាញ និងផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ, (៣) ការកំណត់នូវវិស័យឧស្សាហកម្មដែលត្រូវទាក់ទាញ និងការរៀបចំឡើងវិញនូវការលើកទឹកចិត្តដល់ការវិនិយោគទាំងនោះ, និង (៤) ការរៀបចំបង្កើនការសម្រួលពាណិជ្ជកម្ម និងសម្រួលផ្នែកឡូជីស្ទីកនៅតាមជាយដែន ឬតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងបញ្ហាប្រឈមមួយចំនួនដែលកំពុងកើតមានឡើងពាក់ព័ន្ធនឹងការងារនេះ។

នារសៀលថ្ងៃដដែល គណៈប្រតិភូអន្តរក្រសួងស្ថាប័ន អមដំណើរដោយអាជ្ញាធរដែនដី និងមន្ទីរជុំវិញខេត្តបានចុះទៅពិនិត្យមើលច្រកទ្វារអន្តរជាតិស្ទឹងបត់, ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនអូរនាង។ ជាកិច្ចបន្ទាប់ គណៈប្រតិភូបានបន្តកិច្ចពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនវិនិយោគដែលកំពុងមានប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៃខេត្តបន្ទាយមានជ័យ។ នៅក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុនវិនិយោគ បានលើកឡើងអំពីសកម្មភាពនិងព័ត៌មានទាក់ទងប្រតិបត្តិការវិនិយោគរបស់ខ្លួន ព្រមទាំងបញ្ហាប្រឈម និងសំណូមពរមួយចំនួនជូនដល់អង្គប្រជុំ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំយន្តការជាក់ស្ដែងនានា សំដៅសម្រេចឱ្យបាននូវគោលបំណងដែលបានលើកឡើងខាងលើ។

ឯកឧត្តម សុខ ចិន្តាសោភា ក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលប្រតិបត្តិការនៃគម្រោងវិនិយោគបច្ចុប្បន្ន សំដៅទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមមកបណ្តាក់ទុននៅតាមតំបន់ជាយដែនរបស់កម្ពុជា៕

អត្ថបទ៖ សុផល