ខេត្តព្រះសីហនុ រកចំណូលបានជាង ៦៩ពាន់លានរៀលពីការប្រមូលពន្ធ នៅ៦ខែដើមឆ្នាំ២០១៩
សេដ្ឋកិច្ច August 6, 2019 Khmernote

ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ នៅខេត្តព្រះសីហនុ បានជាង៦៩ពាន់លានរៀល ស្មើនឹង ១០៤% នៃផែនការច្បាប់ ដែលបានកំណត់ក្នុងនោះថវិកាជាតិជាង ២០ពាន់លានរៀល ស្មើ៨១ ភាគរយ ថវិកាថ្នាក់ក្រោមជាតិជាង ៤៨ពាន់លានរៀល ស្មើ១១៥ភាគរយ ចំណូលពន្ធមានការកើនឡើង ។

ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រង ប្រមូលចំណូលពន្ធក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែសីហា លោក សន ស៊ីផល ប្រធានសាខាពន្ធដារ ខេត្តព្រះសីហនុ ចំណូលពន្ធមានការកើនឡើងដូច្នេះ ដោយសារសាខាពន្ធដារសហកាជាមួយអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ផ្តោតសំខាន់លើ កិច្ចសហប្រតិបត្តិការ ជាមួយសហគ្រាសឲ្យមកចុះបញ្ជី ជម្រុញឲ្យមានការពិនិត្យភាពត្រឹមត្រូវ នូវកិច្ចសន្យាជួលអចលនទ្រព្យ ការផ្សព្វផ្សាយសេចក្តីព្រាងវិធានការនានា របស់រដ្ឋបាលសារពើពន្ធចំណូលថ្នាក់ក្រោមជាតិ មានការកើនឡើងខ្ពស់លើសផែនការ អាចបញ្ជាក់បានថា មានការកើនឡើងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកៀគរប្រភពចំណូលពន្ធ ។

តែទោះជាយ៉ាងណាក៏ដោយខេត្តព្រះសីហនុមានសក្តានុពលធំធេង ហើយការប្រមូលចំណូលនេះមិនទាន់ឆ្លើយតបទៅនឹងកំណើន នៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តនៅឡើយ ទាមទារឱ្យមានការខិតខំបន្ថែមទៀតដើម្បីផលប្រយោជន៍ជាតិ៕

អត្ថបទ៖ សុផល