ក្រុមហ៊ុន Sharp នឹងបង្កើតរោងចក្រថ្មីក្នុងប្រទេសវៀតណាមនៅឆ្នាំ ២០២០ ដើម្បីគេចពីការដាក់ពន្ធ និងបង្កើនការផលិតរបស់ខ្លួន
សេដ្ឋកិច្ច August 2, 2019 Chan Sreyny

ក្រុមហ៊ុន Sharp ដែលជាក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់ជប៉ុន បានប្រកាសផែនការសាងសង់រោងចក្រថ្មីមួយនៅជិតទីក្រុងហូជីមិញ ដែលនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២០ ដោយរោងចក្រនេះនឹងប្រមូលផ្តុំអេក្រង់ LCD របស់រថយន្ត ដើម្បីនាំចេញទៅសហរដ្ឋអាមេរិក ហើយការផលិតកុំព្យូទ័រយួរដៃមួយចំនួន ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Dynabook ក៏អាចប្តូរទៅរោងចក្រថ្មីបានផងដែរ នេះបើយោងតាមការដកស្រង់ពីកាសែត Nikkei Asian Review នូវការលើកឡើងរបស់ក្រុមហ៊ុនកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

យ៉ាងណាមិញពាក់ព័ន្ធជាមួយនឹងការចំនាយប្រាក់សាងសង់ មិនត្រូវបានគេបង្ហើបឲ្យដឹងនោះទេ តែក្រុមហ៊ុនក៏នឹងផលិតម៉ាស៊ីនបន្សុទ្ធខ្យល់ និងអេឡិចត្រូនិចផ្សេងទៀតសម្រាប់លក់នៅប្រទេសវៀតណាមផងដែរ។ ទន្ទឹមនឹងនេះក្រុមហ៊ុន Sharp ក៏បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធដែលមានចំនួន ១២,៥៤ ពាន់លានយ៉េន (១១៧,១៥ លានដុល្លារ) សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ ដែលស្មើនឹង ៣៤.៧% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការលក់ធ្លាក់ចុះ ៣.៥% ស្មើនឹងតម្លៃ ៥១៥ ពាន់លានយ៉េន។

គួររំលឹងផងដែរថា ជម្លោះពាណិជ្ជកម្មអាមេរិក និងចិនដែលត្រូវបានកំណត់ដោយពន្ធនាំចូលបានធ្វើឱ្យតម្រូវការគ្រឿងអេឡិចត្រូនិកនៅទូទាំងពិភពលោកធ្លាក់ចុះ ហើយធ្វើឱ្យប៉ះពាល់ដល់ទាំងក្រុមហ៊ុន Sharp និងក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាក្រុមហ៊ុនមានកុងត្រាក្នុងការផលិតធំបំផុតនៅលើពិភពលោក ដោយត្រូវបានគេឲ្យដឹងថាក្រុមហ៊ុននេះ រួមទាំងភ្នាក់ងាររបស់ខ្លួនកាន់កាប់ភាគហ៊ុនចំនួន ៥៣.៨៧% នៃក្រុមហ៊ុន Sharp៕

អត្ថបទ៖ លីនី