រោងចក្រថ្មីចំនួន៤ ជាមួយទុនវិនិយោគជាង២០លានដុល្លារ នឹងលេចរូបរាងឆាប់ៗខាងមុខនៅខេត្ត-ក្រុងទាំង៣នេះ
សេដ្ឋកិច្ច July 27, 2019 Khmernote

ភ្នំពេញ៖ រោងចក្រថ្មីចំនួន៤ជាមួយទុនវិនិយោគជាង២០លានដុល្លារនឹងលេចចេញរូបរាងនាពេលខាងមុខនៅតំបន់ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខេត្តតាកែវ និងកំពង់ស្ពឺ ។ រោងចក្រទាំងនេះ នឹងផលិតថង់ក្រណាត់គ្រប់ប្រភេទ សម្លៀកបំពាក់ កែច្នៃក្រដាស កេសកាតុង និងថង់ក្រដាស និងបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃព្រមទាំង នឹងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាង២៤០០កន្លែង។

សូមបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំងបួន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ កាលពីថ្ងៃទី២៦ ខែកក្កដា ២០១៩ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “KPNL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតថង់ក្រណាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៤២ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៤៨កន្លែង។

២- “XINYAO UNION (CAMBODIA) GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០២៣កន្លែង។

៣- “XING BANG PAPER INDUSTRIAL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃក្រដាស ផលិតកេសកាតុង និងថង់ក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រៃនិព្វាន្ត គងពិសី ខេត្តកំពង់ស្ពឹ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨២ កន្លែង។

៤-“KHMER FRESH MILK CO.,LTD.”គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឧកាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគ ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧កន្លែង៕

អត្ថបទ៖ សុផល