ភ្នំពេញ៖ «កម្ពុជាចង់បានការវិនិយោគបន្ថែមពីប្រទេសចិន លើឧស្សាហកម្មកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដើម្បីធ្វើពិពិធកម្មការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយសារយើងមានកសិផលមិនទាន់កែច្នៃជាច្រើនដូចជា ផ្លែស្វាយខេត្តកំពង់ស្ពឺ, ផ្លែមៀនខេត្តប៉ៃលិននិងឈើហូបផ្លែជាច្រើនទៀត»។ នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ទៅកាន់លោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិនអមស្ថានទូតចិនប្រចាំនៅកម្ពុជានៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបភាគីចិន ពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារចិន តាមរយៈការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នានា និងការបង្ហាញនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ស្ថិតក្នុងរដ្ឋធានី និងខេត្តចំនួន៥ នៃសាធារណរដ្ឋប្រជាមានិតចិន។ លោករដ្ឋមន្ត្រី បានស្នើភាគីចិន ជួយសម្របសម្រួលការនាំចេញកសិផលខ្មែរ និងជួយកៀងគរក្រុមហ៊ុនចិន ដែលមានឯកទេសត្រឹមត្រូវ មកលើវិនិយោគនៅក្នុងប្រទេសកម្ពុជាថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានសន្យាបន្តសហការជាមួយភាគីចិនក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ដើម្បីជំរុញការលក់ និងនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
ជាការឆ្លើយតប លោក លី អាន បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងពាណិជ្ជកម្ម និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងសេចក្តីត្រូវការរបស់កម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ស្របតាមចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
លោកទីប្រឹក្សាទើបចប់អាណត្តិរូបនេះ បានណែនាំលោក វូ កៅក្វាន់ (Wu Guoquan) ដែលត្រូវចូលកាន់តំណែងទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី ដល់លោករដ្ឋមន្ត្រី និងសហការី ដើម្បីបន្តធ្វើកិច្ចការជាមួយគ្នា លើកិច្ចការអទិភាពផ្សេងៗដែលប្រទេសទាំងពីរបានកំណត់។ ក្នុងឱកាសនោះដែរ លោក វូ កៅក្វាន់ បានប្តេជ្ញាជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មទ្វេភាគី តាមរយៈការជួយគាំទ្រការរៀបចំពិព័រណ៍ ឬវេទិកាជំរុញពាណិជ្ជកម្មទ្វេភាគី ដើម្បីផ្តល់ឱកាសដល់វិស័យឯកជននៃប្រទេសទាំងពីរ អាចស្វែងយល់សក្តានុពល និងចាប់ដៃគូធុរកិច្ចទៅវិញទៅមក៕
អត្ថបទ៖ សុផល


