ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជំរុញយកចិត្តទុកដាក់បន្តពង្រឹងអភិបាលកិច្ចល្អក្នុងអង្គភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ និងត្រូវប្រកាន់ខ្ជាប់អភិក្រម ៤ប្រការ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអភិក្រម ៥ ប្រការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៩ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញឱ្យមន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបន្តយកចិត្តទុកដាក់អនុវត្តន៍លើងារងារសំខាន់មួយចំនួនទៀត ដើម្បីធ្វើឱ្យការប្រមូលពន្ធ និងអាករលើទំនិញនាំចូលកាន់តែមានភាពប្រសើរ។ ការងារដែលលោកអគ្គបណ្ឌិតសភាចារ្យ បានជំរុញនោះរួមមាន៖
(១). ត្រូវបន្តជំរុញផ្ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងបន្តលើកកម្ពស់អនុលោមភាពវិស័យឯកជន,
(២). បន្តពង្រឹងយន្ដការពិគ្រោះយោបល់ជាមួយវិស័យឯកជន ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល,
(៣). ត្រូវរក្សាតុល្យភាពនៃការគ្រប់គ្រងរបស់គយ ក្នុងខណៈកិច្ចសម្រួលពាណិជ្ជកម្មកាន់តែទូលំទូលាយ,
(៤). បន្តពង្រឹងការងារបច្ចេកទេស ដូចជាការកំណត់តម្លៃគិតពន្ធគយ, លេខកូដទំនិញ, វិធានដើមកំណើតទំនិញ,
(៥). ជំរុញបញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រការអនុវត្តច្បាប់ និងយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន
(៦). អនុវត្តនូវយន្តការបំពេញបែបបទមុនពេលទំនិញមកដល់ (Pre-Arrival Processing) ដែលនឹងជួយសម្រួលបន្ថែមទៀតដល់ធុរជនពាក់ព័ន្ធ សំដៅកាត់បន្ថយការកកស្ទះនៅមាត់ច្រកដើមទី ជាដើម,
(៧). បន្តការចូលរួមការកសាងច្បាប់ស្តីពីវិនិយោគនិងតំបន់សេដ្ឋកិច្ចពិសេស,
(៨). រៀបចំកសាងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ នៃការងារគយនិងរដ្ឋាករ ដោយឈរលើយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ ឱ្យបានមុនដំណាច់ឆ្នាំ២០១៩,
(៩). ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើយន្តការចែករំលែកគ្នាទៅវិញទៅមកនូវទិន្នន័យស្ថិតិដោយស្វ័យប្រវត្តិតាមមធ្យោបាយអេឡិចត្រូនិច
(១០). បង្កើនការយកចិត្តទុកដាក់ការគ្រប់គ្រងចរាចរណ៍រូបិយបណ្ណ ស្របតាមផែនការយុទ្ធសាស្ត្រដើម្បីដកកម្ពុជាចេញពីបញ្ជីប្រផេះ និង
(១១). សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ ដើម្បីធ្វើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើការឈានទៅកាត់បន្ថយការនាំចូលរថយន្តដែលមានអាយុកាលប្រើប្រាស់ច្រើនឆ្នាំ៕
អត្ថបទ៖ សុផល


