ភ្នំពេញ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩ ការប្រមូលពន្ធនិងអាករពីការនាំចូលទំនិញពីបណ្តាប្រទេសផ្សេងៗ បានជាង ៥.៩ទ្រីលានរៀល ស្មើនឹងប្រមាណ ១,៤៧៥លានដុល្លារអាមេរិក។ ថវិកានេះ កើនឡើង ២៥.៥% ស្មើនឹងប្រមាណ ៣០០លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
នេះបើយោងតាមរបាយការណ៍ស្តីពីការប្រមូលចំណូលពីពន្ធ និងអាករលើទំនិញនាំចូលនៅក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៩ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍ចំណូលពន្ធគយ ដែលបង្ហាញដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធ និងអាករសំខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឲ្យកត់សម្គាល់។ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល) មានកំណើនជាង ៣៣.៨%, អាករពិសេសកើន ៣១.១% និងអាករលើតម្លៃបន្ថែម (VAT) កើន ២៨.៦%។
លោក គុណ ញឹម បានឱ្យដឹងថា មុខទំនិញជាប្រភពចំណូលសំខាន់ៗរួមមាន៖ ១. យានយន្ត និងគ្រឿងចក្រគ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប, ២.ប្រេងឥន្ធនៈនិងថាមពលប្រមាណ ១៧.១% នៃចំណូលសរុប និង៣. ទំនិញចម្រុះ និងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំណូលសរុប៕
អត្ថបទ៖ សុផល


