កម្ពុជាត្រៀមស្វាគមន៍ក្រុមហ៊ុនចំនួន ២០០ មកពីប្រទេសចំនួន ១៥ ចូលរួមពិព័រណ៍ឧស្សាហកម្ម សម្លៀកបំពាក់ និងវាយនភ័ណ្ឌ
សេដ្ឋកិច្ច July 24, 2019 Khmernote

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ២០០ មកពីប្រទេសចំនួន១៥ នឹងមកចូលរួមពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី៨ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី២២-២៥ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។ ជាមួយស្តង់ទំនិញចំនួន២៨០ស្តង់ ពិព័រណ៍នេះបានត្រូវរៀបចំឡើង ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ឲ្យកាន់តែជឿនលឿន និងទំនើបកម្ម។ ពិព័រណ៍ប្រចាំឆ្នាំលើកទី៨នេះ រៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងសិប្បកម្មសភាពាណិជ្ជកម្មកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងគាំទ្រដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងបណ្តាក្រុមហ៊ុននានា។

នៅក្នុងសន្និសីទសារពត៌មានកាលពីថ្ងៃទី២៣ កក្កដា លោក Akai Lin ប្រធានគម្រោងនៃក្រុមហ៊ុន Yorker Trande & Marketing Service Co.,Ltd បានគូសបញ្ជាក់ថា ចំនួនក្រុមហ៊ុនចូលរួមនៅក្នុងឆ្នាំនេះ មានការកើនឡើង រហូតដល់៤០ភាគរយ បើធៀបនឹងឆ្នាំមុនៗ។ លោកបានបន្តថា ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និង វាយនភ័ណ្ឌកម្ពុជា អន្តរជាតិ គឺជាពិព័រណ៍ដ៏មានសក្តានុពល គ្របដណ្តប់លើវិស័យឧស្សាហកម្មជាច្រើន ដូចជា ជ័រប្លាស្ទិក, កៅស៊ូ, ការបោះពុម្ព, ការវេចខ្ជប់, ការកែច្នៃម្ហូបអាហារ, គ្រឿងចក្រកសិកម្ម, ឧបករណ៍ និងគ្រឿងបន្លាស់អេឡិចត្រូនិច, គ្រឿងបន្លាស់រថយន្ត, វិស្វកម្មថាមពលអគ្គិសនី និងសម្លៀកបំពាក់ និងវាយនភ័ណ្ឌ។

លោក លី ទិចហេង នាយកប្រតិបត្តិ នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងថា «ការតាំងពិព័រណ៍មានប្រយោជន៍ខ្លាំងណាស់ ដោយសារផលិតផល ដែលគេយកមកតាំងបង្ហាញអាចថា អ្នកខ្លះដឹង អ្នកខ្លះអត់ដឹង អីចឹងមានន័យថា គេយកម៉ាស៊ីនប្រភេទទំនើប បច្ចេកវិទ្យាថ្មី ដែលគេបានធ្វើមកកាន់តែប្រសើរជាងមុន និងវាជួយដល់អ្នកវិនិយោគ កាន់តែអភិវឌ្ឍន៍លឿនជាងមុន»។

នាយកប្រតិបត្តិ នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបន្ថែមទៀតថា ការតាំងពិព័រណ៍នេះ ក៏ជាឱកាសក្នុងការចាប់ដៃគូរផ្លាស់ប្តូរពាណិជ្ជកម្ម រវាងក្រុមហ៊ុនមកពីបណ្តាប្រទេសសំខាន់ៗ ទាំងនោះផងដែរ។ លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការតាំងពិព័រណ៍នេះ វាជាគន្លឹះដើម្បីអភិវឌ្ឍន៍នូវអ្វី ដែលគេចង់បាន ហើយការតាំងពិព័រណ៍កាន់តែញឹកញាប់ វាកាន់តែប្រសើរសម្រាប់អ្នកវិនិយោគ នៅប្រទេសកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍បន្ថែម លើផ្នែកបច្ចេកវិទ្យា ជាពិសេសអភិវឌ្ឍន៍ ទាំងអ្នកតាំងបង្ហាញ អ្នកចូលរួម និង វិនិយោគ៕

រូបតំណាង

អត្ថបទ៖ សុផល