គិតត្រឹមដំណាច់ខែមិថុនា រដ្ឋបានបែងចែកដីជូនប្រជាពលរដ្ឋ ដីជាង១លានហិកតា
សេដ្ឋកិច្ច July 19, 2019 Khmernote

ភ្នំពេញ៖ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានបែងចែកដីជូនគ្រួសារសរុប ៤៧៩,១១៤ គ្រួសារ លើផ្ទៃដីសរុបទំហំ ១,៣៤០,៧៦៥.៤៧ ហិកតា និងបានសាងសង់ផ្ទះសរុបចំនួន ៦,៦៩៩ ខ្នង ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ គ្រួសារកងទ័ព និងនគរបាលជាតិ តាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ។

នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ នៅក្នុង កិច្ចប្រជុំគណៈកម្មការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិកាលពីថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៩នៅទីស្តីការក្រសួង។

លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ឱ្យដឹងទៀតថា អង្គប្រជុំបានឯកភាពលើគំនូរប្លង់ស្ថាបត្យកម្មសម្រាប់សាងសង់ផ្ទះជូនគ្រួសារកងទ័ព នគរបាលជាតិនៅតាមបណ្តោយព្រំដែន និងគ្រួសារអតីតយុទ្ធជន ដែលជាប្រភេទផ្ទះប៉ិតម៉ូតខ្មែរទំហំ ៦.៥ ម គុណ ៧.៣ ម សសរបេតុងអាម៉េ និងគ្រោងដែក ក្រាលស្មាតបត ជញ្ជាំងស្មាតបត ប្រក់ក្បឿងស៊ីម៉ង់ត៍ ដែលមិនជ្រាបទឹក និងធននឹងអគ្គិភ័យ។ ឯកឧត្តម ជា សុផារ៉ា បានបន្តថាអង្គប្រជុំបានដាក់ចេញនូវទិសដៅអនុវត្តសម្រាប់ឆ្នាំ ២០១៩៖

១. ពង្រឹងការគ្រប់គ្រងដីរក្សាទុកសម្រាប់គោលដៅសម្បទានដីសង្គមកិច្ច ដោយប្រគល់ភារកិច្ចជូន គណៈបញ្ជាការឯកភាពខេត្ត ចុះធ្វើការបោះបង្គោល កំណត់និយាមកា ចុះបញ្ជីដីរដ្ឋ និងទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិ ជូនអ្នករំលោភកាន់កាប់ដីដែលរក្សាទុកសម្រាប់គោលដៅសម្បទានសង្គមកិច្ច

២. បន្តធ្វើការសាងសង់ផ្ទះជូនគ្រួសារកងទ័ពនិងនគរបាលជាតិតាមបណ្តោយព្រំដែន និងគ្រួសារអតីតយុទ្ធជន

៣. ជំរុញការផ្តល់វិញ្ញា បន បត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកដែលបានរស់នៅ និងប្រើប្រាស់គ្រប់លក្ខខណ្ឌនៃសម្បទានដីសង្គមកិច្ច

៤. បង្កើតក្រុមការងារដើម្បីចុះធ្វើបច្ចុប្បន្នភាពទីតាំងសម្បទានដីសង្គមកិច្ច និងត្រួតពិនិត្យការប្រើប្រាស់ដី និងផ្ទះដែលបានប្រគល់ដល់សម្បទានិកនៅតាមខេត្តគោលដៅ។ គណៈបញ្ជាការឯកភាពខេត្ត ត្រូវចេញបណ្ណកម្មសិទ្ធិ ជូនសម្បទានិកដែលបានរស់នៅ និងប្រើប្រាស់គ្របលក្ខណ្ឌ និងដកហូតដី និងផ្ទះត្រឡប់មកវិញ ក្នុងករណីការរស់នៅនិងប្រើប្រាស់មិនស្របតាមលក្ខខណ្ឌនៃសម្បទានដីសង្គមកិច្ច ដើម្បីទុកប្រគល់ជូនមុខសញ្ញាសម្បទានិកថ្មីដែលកំពុងត្រូវការពិតប្រាកដ។

៥. ជំរុញអនុវត្តបញ្ចប់ឱ្យបានជោគជ័យគម្រោង LASED II ក្រោមហិរញ្ញប្បទាន ធនាគារពិភពលោក និងរៀបចំឱ្យមានប្រសិទ្ធភាពនូវគម្រោង LASED III ដែលគ្រោងចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ លើផ្ទៃដីទំហំប្រមាណ ២៧ ០០០ ហិកតា មាន ៣០ ទីតាំង សម្រាប់សម្បទានិកចំនួន ១៥ ០០០ គ្រួសារ ទៅ ១៦ ០០០ គ្រួសារ ស្ថិតនៅខេត្តគោលដៅចំនួន ៥ គឺ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តកំពង់ធំ ក្នុងនោះ មានសហគមន៍ជនជាតិដើមភាគតិចចំនួន ១៨ ទីតាំង

៦. ដីដែលមិនមានជីវជាតិត្រូវរក្សាទុកសម្រាប់សង់លំនៅឋាន និងដីមានជីវជាតិទុកសម្រាប់ផ្តល់ជាដីធ្វើកសិកម្ម៕

អត្ថបទ៖​ សុផល