រយៈពេលជាងមួយឆ្នាំនេះ មូលនិធិគន្ធបុប្ផា ប្រមូលថវិកាបានជាង៣០លានដុល្លារ
សេដ្ឋកិច្ច July 18, 2019 Khmernote

ភ្នំពេញៈ ក្រោយពីបង្កើតបានជាង១ឆ្នាំ មូលនិធិគន្ធបុប្ផាកម្ពុជា បានរៃអង្គាសថវិកាបានប្រមាណជាង ៣០លានដុល្លារអាមេរិក។ នេះបើយោងតាម លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា។ លោកស្រីបានលើកឡើងថា ការបង្កើតឡើងមូលនិធិគន្ធបុប្ផាកម្ពុជា គឺដើម្បីជំរុញពង្រឹងនូវនិរន្តរភាពនៃប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផា ដែលមានគុណសម្បត្តិដ៏ខ្ពង់ខ្ពស់នូវសេវា និងថែទាំសុខភាពព្យបាលជំងឺដល់កុមារដោយមិនគិតថ្លៃ និងប្រកបដោយគុណភាពខ្ពស់ និងទទួលបាននូវទំនុកចិត្តដ៍ខ្ពង់ខ្ពស់អំពីប្រជាពលរដ្ឋកម្ពុជា។

លោកស្រីអំពាវនាវដល់ស្ថាប័នរដ្ឋ និងឯកជនបន្តគាំទ្រមូលនិធិគន្ធបុប្ផា ដែលជាមូលនិធីដ៏សំខាន់បំផុតសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។ សូមជម្រាបថា៖ «មូលនិធិគន្ធបុប្ផាកម្ពុជា» បង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងត្រូវបានបើកដំណើរការជាផ្លូវការហើយនៅ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ជាមួយថវិកាទ្រទ្រង់ដំណាក់កាលដំបូងជាង ១១លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា មានមូលហេតុចម្បងៗចំនួន៣ ដែលនាំឲ្យសម្តេចសម្រេចបង្កើត «មូលនិធិគុន្ធបុប្ផាកម្ពុជា»នេះឡើង។ មូលហេតុចម្បងទាំង៣នោះរួមមាន៖ ១៖ ការលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ គឺជាអាទិភាពចម្បងមួយនៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល, ២៖ រដ្ឋាភិបាលកម្ពុជាគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ពីព្រោះតែទទួលស្គាល់នូវស្នាដៃ និងគុណភាពនៃការផ្តល់សេវាថែទាំមាតា ទារក និងកុមាររបស់មន្ទីរពេទ្យនេះ និងទី៣៖ ឈរលើទិដ្ឋភាពហិរញ្ញវត្ថុ ទន្ទឹមការបង្កើនថវិការដ្ឋជាបន្តបន្ទាប់ក្នុបពេលកន្លងមក រួមទាំងការវិភាជន៍ប្រាក់ចំណូលពីទេសចរបរទេសចូលទស្សនាប្រាសាទអង្គរជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផង វាជាពេលដ៏សមរម្យបំផុតដែលគួរគប្បីមាន «មូលនិធិគន្ថបុប្ផា» មួយផ្ទាល់ខ្លួន។

មូលនិធិគន្ធបុប្ផាកម្ពុជានេះ គឺជាមូលនិធិដ៏មានសារៈសំខាន់ខ្លាំងសម្រាប់កុមារកម្ពុជា ហើយប្រជាពលរដ្ឋខ្មែរអាចចូលរួមក្នុងមូលនិធិនេះបានគ្រប់គ្នា មិនមែនតែឧកញ៉ា ឬអ្នកមានទ្រព្យធនស្តុកស្តម្ភនោះទេ សូម្បីតែប្រជាពលរដ្ឋធម្មតា មន្ត្រីរាជការអាចចូលរួមបានគ្រប់គ្នាទាំងអស់។ មកដល់ឆ្នាំ២០១៩នេះ មន្ទីរពេទ្យគន្ធបុប្ផាមានអាយុកាលជាង ២៦ឆ្នាំហើយ។ មន្ទីរពេទ្យគន្ធបុប្ផាមាន ៥សាខា ដែលក្នុងនោះមាន៤សាខាក្នុងរាជធានីភ្នំពេញ និង១សាខា នៅខេត្តសៀមរាប មានបុគ្គលិកសរុប ២,៣៤៥នាក់ ដែលក្នុងនោះ ១,៧៤៩នាក់ ជាបុគ្គលិកជំនាញសុខាភិបាល ហើយ ១,២៤២នាក់ មានក្របខណ្ឌជាមន្ត្រីរាជការ៕

អត្ថបទ៖ សុផល