ស្ពានអាកាសថ្មីមួយទៀតនឹងលេចរូបរាងនៅចុងឆ្នាំនេះ
សេដ្ឋកិច្ច July 18, 2019 Khmernote

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានសម្រេចធ្វើការសាងសង់ស្ពានអាកាសក្បាលថ្នល់បត់ឆ្វេងមួយខ្សែ ដើម្បីជួយរំដោះបញ្ហាកកស្ទះចរាចរណ៍នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ និង​ផ្លូវ​ព្រះ​នរោត្តម​ រដ្ឋបាល​រាជធានី​ភ្នំពេញ​។ គម្រោងស្ពានអាកាសក្បាលថ្នល់បត់ឆ្វេងនេះ ​នឹងធ្វើការសាងសង់បន្ថែម​ពីលើ​ស្ពានចាស់​ដែល​មានស្រាប់​ ដោយធ្វើការ​ភ្ជាប់​ជាមួយ​ចំណុច​ផ្លូវ​ប្រសព្វ​ផ្លូវ៦០ម៉ែត្រ​ ផ្លូវ​ព្រះមុនីវង្ស​ និង​ផ្លូវ២៧១​ ជាប់​ព្រំប្រទល់​ខណ្ឌមានជ័យ​ និង​ខណ្ឌចំការមន​ ហើយគ្រោងស្ពានអាកាសក្បាលថ្នល់បត់ឆ្វេងមួយខ្សែនេះនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០១៩នេះ។

យោងតាមការបញ្ជាក់ពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា ស្ពានអាកាសក្បាលថ្នល់ថ្មីនេះមានប្រវែង៧៧ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ ស្ពាន ដល់ស្ពានអាកាសចាស់ ១២៣ម៉ែត្រ សរុប២០០ម៉ែត្រ។ ស្ពាននេះមានទទឹង ៧,៥ម៉ែត្រ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម៕

អត្ថបទ៖ សេម
រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ