ភ្នំពេញ៖ វិស័យសំណង់បានបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ប្រមាណពី ៦៩,៤០០ នាក់ ទៅ ៦៩,៥០០ នាក់ក្នុងមួយថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញមានចំនួនកម្មករប្រមាណពី ៣១,០៨០ នាក់ ទៅ ៣១,១០០ នាក់ ក្នុង១ថ្ងៃ។ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៨ ចំនួនកម្មករគិតជាមធ្យមប្រមាណពី ១៤១,៥០០ នាក់ ទៅ ១៤២,០០០ នាក់ ថ្ងៃ សម្រាប់ទូទាំងប្រទេស ដោយឡែកនៅរាជធានីភ្នំពេញមានចំនួនកម្មករប្រមាណពី ៦៣,៥០០ នាក់ ទៅ ៦៤,០០០ នាក់/ថ្ងៃ គឺមានការកើនឡើងចំនួន ៩.២៩ %។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចុះស្រង់ទិន្នន័យ ផ្ទាល់នៅការដ្ឋាន បានឱ្យដឹងទៀតថា តាមរយៈនៃការសិក្សាស្រាវជ្រាវក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញក្នុង១ថ្ងៃអាចទទួលបានពី ៣០,០០០ រៀល ដល់ ៤០,០០០ រៀល កម្មករមានជំនាញ និងមេជាងក្នុង១ថ្ងៃអាចទទួលបានពី ៤០,០០០ រៀលដល់ ៦០,០០០ រៀល ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត ក្នុង១ខែអាចទទួលបានប្រាក់បៀវត្សពី ៤០០ ដុល្លារ ទៅ ២,៥០០ ដុល្លារ៕
អត្ថបទ៖ សុផល


