នាពេលថ្មីៗនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម ទៅកាន់ប្រទេសជប៉ុន មានវិញ្ញាបនបត្រវិនិយោគទុនចំនួន ៣២ និងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនវៀតណាម និងជប៉ុនដែលមានទឹកប្រាក់សរុបរហូតដល់ ៥៨ ពាន់លានដុល្លារ ដែលត្រូវបានចុះហត្ថលេខា នេះបើយោងតាម ការរាយការណ៍អំពី SGGP។ ជាមួយគ្នានេះដែរទុនវិនិយោគពីប្រទេសជប៉ុនត្រូវបានគេចាត់ទុកថា ជាលំហូរមូលធនដ៏សំខាន់ដែលជាគំរូមួយសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងវិនិយោគផ្ទាល់ពីបរទេស (FDI)។
បន្ថែមពីនេះប្រទេសវៀតណាមនៅតែជាទីផ្សារសក្តានុពលសម្រាប់វិនិយោគិនជប៉ុន បន្ទាប់ពីនិន្នាការកើនឡើងនៃការវិនិយោគដោយផ្ទាល់ពីក្រុមហ៊ុន GBS ដែលជាក្រុមហ៊ុនសាជីវកម្មមួយនៅក្នុងប្រទេសវៀតណាម ដោយបានចាប់ផ្តើមបង្កើតការគាំទ្ររបស់ខ្លួនសម្រាប់វិនិយោគិនជប៉ុន ហើយកម្មវិធីនេះអាចសម្រួលនីតិវិធី វិនិយោគ និងជួយដល់ការវិនិយោគបន្ថែមទៀតនៅក្នុងឧស្សាហ៍កម្មផ្សេងៗផងដែរ។
លើសពីនេះទៅទៀតការស្ទង់មតិចុងក្រោយដែលធ្វើឡើងដោយ JETRO ក៏បានបង្ហាញផងដែរថា ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោមបណ្តាប្រទេសនានា ដែលសហគ្រាសជប៉ុនជ្រើសរើសដើម្បីពង្រីកមុខជំនួញនាពេលអនាគត។ ចំពោះមូលហេតុដែលធ្វើឲ្យវិនិយោគិនជប៉ុន ពង្រីកការវិនិយោគលើផ្នែកសេវាកម្ម និងពាណិជ្ជកម្ម នឹងក្លាយទៅជានិន្នាការទូទៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារក្រុមហ៊ុនផលិតសំខាន់ៗជាច្រើនរបស់ជប៉ុនធ្លាប់បានបញ្ចូនប្រាក់ចូលទៅក្នុងប្រទេសវៀតណាម។ ទន្ទឹមនឹងនេះដែរទីផ្សារអ្នកប្រើប្រាស់ដោយផ្ទាល់នៅក្នុងប្រទេសវៀតណាម គឺមានភាពទាក់ទាញខ្លាំងចំពោះសហគ្រាសបរទេស និងផ្នែកពាណិជ្ជកម្ម៕
អត្ថបទ៖ លីនី


