ក្នុងពេលឆាប់ខាងមុខនេះ កម្ពុជានឹងមានកន្រ្តកវិលដ៏ធំបំផុតមួយ ក្នុងតំបន់អាស៊ាន ដែលជាគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក Angkor Eyes Cambodia Limited និងក្រុមហ៊ុនជប៉ុន CQ Amenic Co ដែលជាគម្រោងទី១៤ របស់ក្រុមហ៊ុនជប៉ុនមួយនេះ ដោយបច្ចុប្បន្នមានគម្រោងចំនួន ១៣ នៅទូទាំងពិភពលោក។ គម្រោងកន្រ្តកវិលដ៏ធំមួយនេះ ត្រូវបានសាងសង់ឡើងក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ស្ថិតនៅផ្សារ និងសួនកំសាន្ត Box Vill ដែលនឹងចំនាយពេលក្នុងការសាងសង់ប្រមាណ ៦ ខែ ហើយនឹងបើកដំណើរការនៅចុងឆ្នាំនេះផងដែរ។
សូមបញ្ជាក់ផងដែរថា ការសាងសង់កន្ត្រកយក្សនេះត្រូវចំនាយទឹកប្រាក់ ៧.២លានដុល្លារអាមេរិក ដែលមានកម្ពស់ ៨៥ ម៉ែត្រ និងចំនួនកន្រ្តករហូតដល់ ៤៨ ប្រអប់ដែលអាចផ្ទុកចំនួនមនុស្សរហូតដល់ ១៩២នាក់ក្នុងពេលតែមួយផងដែរ។ បន្ថែមពីនេះការសាសង់នូវគម្រោងមួយនេះ ក្នុងគោលបំណងជួយលើកម្ពស់ និងទាក់ទាញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យកាន់តែរីកចម្រើន ជាពិសេសផ្ដល់ឪកាសការងារជូនដល់ប្រជាពលរដ្ឋក្នុងតំបន់បន្ថែមមួយកម្រិតទៀតផង ៕


អត្ថបទ៖ លីនី


