សារព័ត៌មាន BANGKOKPOST បានចុះផ្សាយថា ថៃអាចឈានដល់ការធ្វើបដិវត្តទៅប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនីសុទ្ធដ៏ធំមួយជាលើកដំបូងក្នុងប្រវត្តិសាស្រ្តប្រទេស។ ការព្យាករណ៍នេះត្រូវបានធ្វើឡើងក្រោយមានក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទសថៃបានសម្រេចបោះទុនវិនិយោគយ៉ាងច្រើន ដើម្បីផលិតអាគុយសម្រាប់ប្រើប្រាស់ក្នុងយានយន្តជាច្រើនប្រភេទ។ ក្រុមហ៊ុនដ៏ធំនេះ គឺស្ថិតក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីថៃម្នាក់ ដែលមានលុយរាប់ពាន់លានដុល្លារ។
ប្រភពដដែលនេះបានឲ្យបន្តថា ក្រុមហ៊ុនននេះនឹងប្រើប្រាស់លុយ ១០០ ពាន់លានបាត (៣,២៦៥,៨៥០,០០០ ដុល្លារអាមេរិក ) ដើម្បីផលិតអាគុយជាច្រើនប្រភេទ ហើយអាគុយទាំងនោះគឺល្អបំផុតសម្រាប់ប្រើប្រាស់ក្នុងរថយន្ត ម៉ូតូ ម៉ាស៊ីនកាណូត និងម៉ាស៊ីនជាច្រើនប្រភេទផ្សេងទៀត។ យានយន្តដែលបំពាក់អាគុយទាំងនេះនឹងត្រូវកាត់បន្ថយការប្រើប្រាស់ចំហេះពីប្រេងសាំង កាត់បន្ថយការបំពុលបរិស្ថាន និងកាត់បន្ថយការចំណាយលើប្រេងសាំងផងដែរ។ គម្រោងមួយនេះនឹងចាប់ផ្ដើមនៅដើមឆ្នាំ ២០២០ ខាងមុខនេះ ហើយគេរំពឹងថា ក្រោយគម្រោងផលិតអាគុយនេះទទួលបានជោគជ័យ ប្រជាជនថៃភាគច្រើននឹងប្ដូរទៅប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីវិញម្តង៕

អត្ថបទ៖ ភក្តី


