ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវរំពឹងទុកថា នឹងមានក្នុងរង្វង់៧,១%។ នៅក្នុងសិក្ខាសាលាស្វែងយល់ពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា លោកបណ្ឌិតបានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនិងជំរុញអនុវត្តវិធានការមុតស្រួចជាកញ្ចប់ សំដៅពន្លឿនការកែទម្រង់ជាច្រើន ដូចជាការបញ្ចុះថ្លៃអគ្គិសនី ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការកាត់បន្ថយចំណាយផ្លូវការ និងផ្លូវការក្នុងការធ្វើធុរកិច្ចជាដើម ក្នុងគោលដៅលើកកម្ពស់បរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច ដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគគិន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឲ្យកម្ពុជាសម្រេចបាន នូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
នៅក្នុងឆ្នាំ២០១៨ អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រេចបាន៧,៥% ដែលជាកំណើនមួយខ្ពស់បំផុត នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ ទន្ទឹមនឹងនេះ អត្រាអតិផរណាមធ្យមប្រចំាឆ្នាំ ត្រូវបានគ្រប់គ្រងឲ្យស្ថិតនៅក្នុងកម្រិតទាប ប្រមាណ ២,៥%។ នៅក្នុងឆ្នាំ២០១៨កន្លងទៅ ចំណូលចរន្តថវិកាជាតិមានការកើនឡើងល្អប្រសើរ ក្នុងអត្រាប្រមាណ២០,៤% ដែលធ្វើឲ្យចំណូលចរន្តនៃថវិកាជាតិ មានទំហំស្មើនឹងប្រមាណ ២១,៩៦%នៃ ផសស៕

អត្ថបទ៖ សុផល


