ត្រឹមតែ៤ខែ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ីមានជិត២០០លានដុល្លារ
សេដ្ឋកិច្ច July 15, 2019 Khmernote

ភ្នំពេញ៖ រយៈពេល៤ខែដើម ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីមានចំនួន ១៩៦.២៦លានដុល្លារ គឺបានកើនឡើង ១០.៤៨% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ នេះបើយោងតាមប្រភពក្រសួងពាណិជ្ជកម្ម។ សូមជម្រាបថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ចំនួន ៥៥៨.៦២លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី មានទឹកប្រាក់ ៣៣លានដុល្លារ និងនាំចូលមានទឹកប្រាក់ ៥២៥.៦លានដុល្លារ។

ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាប ដោយសារតែខ្វះមធ្យោបាយផ្នែកដឹកជញ្ជូន តែទោះជាមានចំនួនតិចក៏ដោយតែកំណើនកើនជាលំដាប់។ ជាមួយគ្នានេះដែរដើម្បីជំរុញកំណើនពាណិជ្ជកម្ម ឯកឧត្តម ស៊ូឌាម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ ឥណ្ឌូនេស៊ី និងកម្ពុជា នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០១៩ ដែលគ្រោងធ្វើឡើងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែកក្កដា ឆ្នាំ២០១៩ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប។ ពិព័រណ៍នេះនឹងមានការតាំងបង្ហាញផលិតផលចម្រុះដោយក្រុមហ៊ុនជាង ១០០ អមជាមួយវេទិកាធុរកិច្ចផងដែរ។

ជាងនេះទៅទៀតសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានចុះអនុស្សរណៈ ស្តីពីការមិនយកពន្ធត្រួតគ្នា និងការបង្ការអំពើបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល ព្រមទាំងអនុស្សរណៈស្តីពីការកសាងសមត្ថភាពលើវិស័យកសិកម្ម និងសេដ្ឋកិច្ច។ ជាពិសេស កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ឥណ្ឌូនេស៊ីបានបង្កើតជើងហោះហើរត្រង់ ពីទីក្រុងហ្សាកាតា-ភ្នំពេញ-ហ្សាកាតា ដោយក្រុមហ៊ុន City Link Indonesia រៀងរាល់ថ្ងៃច័ន្ទ-ពុធ-សុក្រ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus 320 ដែលអាចផ្ទុកអ្នកដំណើរបាន ១៨០នាក់៕

អត្ថបទ៖ សុផល