វៀតណាមជាប់ចំណាត់ថ្នាក់ទី ១៥ ក្នុងចំណោមបណ្តាប្រទេស ដែលមានប្រជាជនច្រើនបំផុតលើពិភពលោក
សេដ្ឋកិច្ច July 15, 2019 Khmernote

យោងតាមលទ្ធផលជំរឿនប្រជាពលរដ្ឋ និងលំនៅឋានចុងក្រោយរបស់ខ្លួនបានឱ្យដឹងថា ប្រទេសវៀតណាមមានប្រជាជនជាង ៩៦.២លាននាក់ គិតត្រឹមថ្ងៃទី១ ខែមេសា ដែលជាការកើនឡើង ១០.៤លាននាក់ ធៀបនឹងឆ្នាំ២០០៩។ លទ្ធផលនេះបានធ្វើឱ្យប្រទេសនេះក្លាយទៅជាប្រទេសដែលមានប្រជាជនច្រើនបំផុត ទី១៥ នៅក្នុងពិភពលោក។ ការិយាល័យស្ថិតិវៀតណាមបានឱ្យដឹងថា ប្រជាជនវៀតណាមបានកើនឡើង ១.១៤ភាគរយ ជារៀងរាល់ឆ្នាំចាប់តាំងពី ឆ្នាំ២០០៩ ប៉ុន្តែវាយឺតជាងអត្រាកំណើនមុនហ្នឹងទៀត ដែលមានរហូតដល់ ១.១៨ភាគរយ ។

ចំនួនគ្រួសារនៅក្នុងប្រទេសបានឈានដល់ជិត ២៦.៩លានគ្រួសារ គិតត្រឹមថ្ងៃទី១ ខែមេសា ដែលជាការកើនឡើង ៤.៤លានគ្រួសារ ធៀបនឹងឆ្នាំ ២០០៩ យោងតាមការធ្វើជំរឿនចុងក្រោយ ដែលធ្វើឡើងក្នុងឆ្នាំនេះ។ ជាមធ្យមគ្រួសារនីមួយៗបច្ចុប្បន្នមានគ្នា ៣.៤នាក់ ដែលថយចុះ ០.៣នាក់ ធៀបនឹង ឆ្នាំ២០០៩។ ទោះបីជាយ៉ាងណាក៏ដោយគ្រួសារចំនួន ៤,៨០០គ្រួសារ គ្មានផ្ទះទេ។ ចំនួនប្រជាជនបច្ចុប្បន្នមានច្រើនជាង ៤៨.៣លាននាក់ ជាមនុស្សស្រី និងមនុស្សប្រុសច្រើនជាង ៤៧.៨លាននាក់។ ដង់ស៊ីតេប្រជាជនបច្ចុប្បន្នមានចំនួន ២៩០នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ដែលច្រើនជាងកាលពីឆ្នាំ ២០០៩ ចំនួន ៣១នាក់៕

អត្ថបទ៖ លីដា