ជាង៤ឆ្នាំសោះ ក្រុមហ៊ុនយក្សរបស់ចិនមួយនេះ បោះទុនវិនិយោគនៅខ្មែរជាង ២,០០០លានដុល្លារ ហើយគ្រោងបន្ថែម៦,០០០លានដុល្លារទៀត
សេដ្ឋកិច្ច July 10, 2019 Khmernote

ភ្នំពេញ៖ ក្នុងរយៈពេលជាង៤ឆ្នាំ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនៅក្នុងប្រទេសកម្ពុជា បានបោះទុនវិនិយោគសរុបប្រមាណជាង ២.០០០លានដុល្លារអាមេរិកទៅលើគម្រោងអគារខុនដូធំៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយក្នុងនោះ គម្រោងដែលបានសាងសង់រួចរាល់ មាន៨គម្រោង គម្រោងកំពុងសាងសង់មាន៧គម្រោង គម្រោងស្ថិតក្នុងផែនការ មាន៧គម្រោង និងគម្រោងទិញបញ្ជូលមានចំនួន២គម្រោង គឺអគារពាណិជ្ជកម្ម Phnom Penh Tower និងអគារពាណិជ្ជកម្ម Diamond One កោះពេជ្រ។

ជាងនេះទៅទៀត ក្រុមហ៊ុនវិនិយោគលើគម្រោង អចលនទ្រព្យធំជាងគេមួយនៅក្នុងប្រទេសកម្ពុជានេះ គ្រោងនឹងបន្ថែមទុនឱ្យបាន ៦.០០០លានដុល្លារអាមេរិកបន្ថែម ក្នុងរយៈពេល១០ឆ្នាំខាងមុខដោយនឹងជ្រើសយករាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្ដសៀមរាប គឺជាទីតាំងអាទិភាពរបស់ខ្លួន ក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែម មុននឹងពង្រីកវិសាភាពរបស់ខ្លួនទៅ តាមបណ្ដាខេត្តផ្សេងទៀត។ នេះបើតាមការឱ្យដឹងរបស់លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប នៅក្នុងពិធីសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប និងសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ នៃក្រុមហ៊ុន កាលពីពេលថ្មីៗនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោក លី មីន បានគូសបញ្ជាក់ថា គម្រោងបន្ថែមទុនវិនិយោគនេះដោយសារមើលឃើញពីសក្ដានុពលវិនិយោគនៅក្នុង ប្រទេសកម្ពុជា ស្របពេលដែលកំណើនសេដ្ឋកិច្ចប្រទេសនេះ អាចរក្សាបាននូវកំណើនមួយល្អប្រសើរ ជាពិសេសគឺរក្សាបាននូវស្ថេរភាពនយោបាយក្នុងស្រុក ។

វត្តមានរយៈពេលបួនឆ្នាំ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានស្ថាប័ន និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣០។ ក្រុមហ៊ុន មានដីបម្រុងសរុបជាង១.២០០ហិកតា សម្រាប់ធ្វើការអភិវឌ្ឍ ដែលស្មើនឹងទំហំគម្រោងអភិវឌ្ឍន៍សរុបចំនួន២០លាន ម៉ែត្រការ៉េ៕

អត្ថបទ៖ សុផល